(កំពត)៖ យុទ្ធនាការមួយ ដែលមានឈ្មោះថា «ទេសចរណ៍ និងសុវត្ថិភាពចរាចរណ៍» ត្រូវបានធ្វើឡើងនៅខេត្តកំពត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីលើកកម្ពស់សុវត្ថិភាពភ្ញៀវទេសចរ ពេលធ្វើដំណើរតាមដងផ្លូវ នៅក្នុងប្រទេសកម្ពុជា។

យុទ្ធនាការនេះ រៀបចំឡើងដោយ ក្រសួងទេសចរណ៍ រួមជាមួយអាជ្ញាធរពាក់ព័ន្ធនៅខេត្តកំពត ដោយមានមនុស្សចូលរួមប្រមាណជិត១ពាន់នាក់។ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឱ្យលោករដ្ឋមន្រ្តី ថោង ខុន និង លោក ចាន់ ចេស្តា អភិបាលខេត្តកំពតថ្មី បានដឹកនាំក្នុងយុទ្ធនាការនេះ។

លោក ទិត ចន្ថា បានឱ្យដឹងថា យុទ្ធនាការនេះ ជាការរួមគ្នាលើកកម្ពស់ដល់ការយល់ដឹង និងចូលរួមធ្វើឱ្យគោលដៅទេសចរណ៍របស់កម្ពុជា ប្រកបដោយភាពទាក់ទាញភ្ញៀវ ផ្តល់បដិសណ្ឋាកិច្ចល្អ សុវត្ថិភាព និងមានភាពកក់ក្តៅ ក្នុងការទស្សនាទាំងភ្ញៀវជាតិ និងអន្តរជាតិ។

លោកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរជាតិ អន្តរជាតិជិត៥លាននាក់ មកពីគ្រប់ទិសទី មកទស្សនាកម្ពុជា ហើយក៏មានភ្ញៀវទេសចរជាតិ ប្រមាណ៩នាក់ ធ្វើដំណើរទស្សនានៅក្នុងប្រទេស។ ដូច្នេះសុវត្ថិភាពការធ្វើដំណើរ គឺរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍទេសចរណ៍ និងធ្វើឱ្យភ្ញៀវទេសចរ ។

សូមជំរាបថា នៅក្នុងពិធីនោះ ក៏មានការចែកមួកសុវត្ថិភាព ការដើរ និងការជិះរ៉ឺម៉កកង់៣ និងម៉ូតូ ដើម្បីផ្សព្វផ្សាយ យុទ្ធនាការនេះ នៅតាមផ្លូវក្នុងក្រុងកំពតផងដែរ៕