(ព្រៃវែង)៖ សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង ដែលស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលជាតំបន់មួយដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាព និងបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ក៏ដូចជាក្នុងខេត្តព្រៃវែង ហើយក៏បានបន្តចែកចាយនៅតាមបណ្ដាលខេត្តមួយចំនួន ហើយបន្លែទាំងអស់នេះបាននឹងកំពុង មានតម្លៃថ្លៃបន្តិច ខណៈជំងឺកូវីដ-១៩ មានការថយចុះ។

នេះបើតាមការបញ្ជាក់របស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១។

ក្នុងនោះប្រធានមន្ទីរ បានលើកឡើងបន្ថែមទៀតថា កន្លងមក មានបញ្ហាទីផ្សារបន្តិចដោយសារតែការកើនឡើងនៃជំងឺកូវីដ-១៩ ធ្វើឲ្យផ្សារមួយចំនួនត្រូវបានបិទ ហើយចំពោះការលក់ដូរក៏មានការ ផ្អាក ខ្លះៗ តែ ទោះជាយ៉ាងណា បន្លែសុវត្ថិភាព ក៏ដូចជាបន្លែសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រពាំងស្រស់បំព្រងនេះនៅតែដាំជាបន្តបន្ទាប់ និងបន្តចែកចាយទោះបីជាមានតម្លៃធ្លាក់ចុះបន្តិចក៏ពិតមែន។

លោក ប្រធានមន្ទីរ ក៏បានលើកឡើងបន្ថែមទៀតថាខណៈពេលនេះ បន្លែនៅទីនោះមានការឡើងថ្លៃខ្លះបន្តិចហើយដោយសារជំងឺកូវីដ-១៩ មានការថយចុះច្រើន។

លោកប្រធានមន្ទីរ បានបន្តទៀតថា ការចងក្រងជាសហគមន៍នេះគឺមានចំនួន ៦៣គ្រួសារ ដែលដាំនៅបន្លែចម្រុះមាន ស្ពៃ សាឡាត់ ខាត់ណា ត្រប់ ត្រសក់ ម្ទេស ជាដើម ដែលដាំដុះនៅលើផ្ទៃដីប្រមាណជា ៥ហិកតា ហើយនៅរដូវប្រាំង ប្រជាពលរដ្ឋគាត់អាចដាំបានពី២០ ទៅ ៣០ហិកតាបន្ថែមទៀត ចំពោះទួលនេះផងដែរគឺដាំបានខួបប្រាំងខួបវស្សាដោយមិនមានបញ្ហាទឹកលិចនោះទេ គឺអាចផ្គត់ផ្គង់ទីផ្សារពេញមួយឆ្នាំៗតែម្ដង៕