(បន្ទាយមានជ័យ)៖ ជំនន់ទឹកភ្លៀងបាននិងកំពុងជន់លិចតំបន់មួយចំនួននៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែមិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរនៅឡើយនោះទេ។ បើទោះបីជាទឹកទើបជន់លិច មិនទាន់ដល់កម្រិតធ្ងន់ធ្ងរតែអាជ្ញាធរ និងកងកម្លាំងក៏មិនព្រងើយកន្តើយ និងធ្វេសប្រហែសនោះឡើយ ព្រមទាំងបានដាក់ចេញវិធានការមួយចំនួនដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីទឹកជន់លិចធ្ងន់ធ្ងរ។

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជារការកងកម្លាំងចម្រុះទាំងអស់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ។

ដោយយោងតាមបទបញ្ជា ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍នៅក្នុងទីតាំង ក៏បានត្រៀមលក្ខណ:រួចជាស្រាចក្នុងការត្រៀមជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ក្តី តែកងកម្លាំងដែលត្រៀមអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ សេង ធារិន កងកម្លាំង ក៏បានត្រៀមសម្ភារសង្គ្រោះផ្សេងៗផងដែរ បើក្នុងករណីមានការជន់លិចខ្លាំង ហើយអាជ្ញាធរស្នើសុំអន្តរាគមន៍ គឺកងកម្លាំងនឹងចេញប្រតិបត្តិការភ្លាមៗតែម្តង។

មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥រូបនេះ បានអះអាងថា កងកម្លាំងបានត្រៀមខ្លួនជាប់ជានិច្ច ដើម្បីប្រជាជន បើទោះបីមានការលំបាក ឬនឿយហត់យ៉ាងណា ក៏មិនរាថយឡើយ។ លោកបន្តថា ស្មារតីរបស់កងទ័ពតែងផ្សារភ្ជាប់ជានិច្ចជាមួយបុព្វហេតុប្រជាជន និងសង្គមជាតិ គ្រប់កាលៈទេសៈ និងគ្រប់ការលំបាកទាំងឡាយ៕