(សៀមរាប)៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ អាជ្ញាធរស្រុកប្រាសាទបាគង សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះត្រួតពិនិត្យទីតាំងផ្សារម៉ាក្រូ បន្ទាប់ពីរកឃើញមានវិជ្ជមានកូវីដ១៩ លើបុគ្គលិកផ្សារចំនួន ១៦នាក់។

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយក្រុមការងារស្រាវជ្រាវ នៃមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យស្ថានភាពផ្សារម៉ាក្រូ ដែលមានទីតាំងស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ដោយបានយកសំណាកបុគ្គលិកនៅផ្សារម៉ាក្រូចំនួន ២៤២នាក់ ស្រី ១២៦នាក់។

ក្នុងការធ្វើតេស្តរហ័សនោះ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១៦នាក់ ស្រី ១៣នាក់ និងបានបញ្ជូនយកទៅមណ្ឌលព្យាបាល។ ចំពោះផ្សារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មិនបានបិទទីតាំងនោះឡើយ និងបានអនុញ្ញាត ឲ្យបន្តធ្វើអាជីវកម្មបម្រើជូនអតិថិជនជាធម្មតា ក្រោយពីក្រុមគ្រូពេទ្យធ្វើការចុះពិនិត្យពីសុវត្ថិភាពក្នុងទីផ្សារមក។

លោក សូរ ប្លាតុង អភិបាលរស្រុកប្រាសាទបាគង បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បានចេញចូលទីតាំងផ្សារខាងលើ ក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ ហើយក្នុងករណីមានចេញរោគសញ្ញាដូចជាក្តៅខ្លួន ឈឺក ក្អកហត់ ពិបាកដកដង្ហើម សុំធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន និងក្រុមការងារតាមភូមិឃុំ ដើម្បីទៅយកសំណាក ធ្វើតេស្ត និង ទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះលោកអភិបាលស្រុក ក៏បានណែនាំដល់ប្រធានគ្រប់គ្រងផ្សារ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យសុខភាព សុវត្ថិភាពរបស់បុគ្គលិកខ្លួន និងក្រុមសន្តិសុខក្នុងផ្សារម៉ាក្រូ។

លោកអភិបាលស្រុក ក៏បានសូមឲ្យប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ទោះបីបងប្អូនបានធ្វើការចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ពិតមែន ក៏ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ពីព្រោះថាជំងឺកូវីដនេះ មិនរើសអើងជនណាម្នាក់នោះឡើយ នៅពេលដែលមានការធ្វេសប្រហែសនោះ៕