(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងអាវុធហត្ថស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាប ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ ដែលដុះស្លែយូរណាស់មកហើយ នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិរហាត់ទឹក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ ញឹម នី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះថា សម្រាប់ប្រតិបត្តិការ ខាងលើនេះកម្លាំងរបស់លោក បានដកហូតមាន់ជល់២ក្បាល រថយន្តចំនួន ៦គ្រឿង ម៉ូតូចំនួន៥គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន៧នាក់។

លោកមេបញ្ជាការរងអាវុធហត្ថខេត្តបានបន្តថា ក្រោមការចង្អុលបង្ហាញពីលោកព្រះរាជអាជ្ញារង និងលោកមេបញ្ជាការអាវុធហត្ថខេត្ត ក៏សម្រេចណែនាំអប់រំមនុស្សចំនួន ៧នាក់នោះ និងធ្វើកំណត់ហេតុឲ្យត្រឡប់ទៅផ្ទះវិញ ជៀសវាងមានលើកក្រោយទៀត៕