(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ក៏ដូចជាបងប្អូនត្រកូល «ឡេង» របស់លោក៣រូបផ្សេងទៀត ត្រូវបានគេមើលឃើញថា តែងបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមចំណែករំលែកការលំបាកនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងការខ្វះខាតផ្សេងៗ។ មូលហេតុដែលជំរុញឱ្យអ្នកឧកញ៉ាវ័យក្មេងរូបនេះ និងបងប្អូនតែងធ្វើសកម្មភាពមនុស្សនោះ គឺបានមកពីមរតកនៃដំបូន្មានរបស់ម្តាយ ហើយសកម្មភាពមនុស្សតែងធ្វើឱ្យរូបលោករីករាយ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាកូនកសិកររស់នៅក្នុងខេត្តព្រៃវែង ដែលមានជីវភាពខ្សត់ខ្សោយ។ ស្ថានភាពជីវភាពគ្រួសារនេះ មិនអំណោយផលដល់ជីវិតកុមារភាពឱ្យរស់នៅក្នុងភាពឡូយឆាយ កក់ក្តៅស្រណុកស្រួល និងទទួលបានការសិក្សាអប់រំខ្ពង់ខ្ពស់នោះឡើយ។

ស្ថានភាពគ្រួសារនេះ ក៏បានរុញច្រានឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ដូចជាបងប្អូនរបស់ខ្លួន ត្រូវរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង យកកម្លាំងប្តូរនឹងការងារ ដើម្បីបានប្រាស់ទ្រទ្រង់ជីវភាពគ្រួសារ។ ប្រវត្តិជីវិតដែលលំបាក និងក្រខ្សត់នេះ ជាចំណែកមួយរុញច្រានឱ្យរូបលោកចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គម។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងដូច្នេះ «នៅពេលខ្ញុំបានធ្វើការងារមនុស្សធម៌នាពេលកន្លងមកនេះ ធ្វើឱ្យអារម្មណ៍ខ្ញុំសប្បាយចិត្ត។ មិនមានគំនិតប្រកួតប្រជែងអីទេ ហើយក៏មិនមែនជាអ្នកមានលុយអីច្រើននោះទេ គ្រាន់តែថា លទ្ធភាពអាចធ្វើទៅបានក៏ធ្វើ។ គ្រួសារខ្ញុំ ជាគ្រួសារមួយដែលមិនលោភលន់»

សម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទ្រព្យសម្បត្តិលុយកាក់ គ្រាន់តែជាសម្បត្តិភពប្រសប់បណ្តោះអាសន្នតែប៉ុណ្ណោះ នៅពេលចាស់ ឬជីវិតអស់សង្ខាទៅ មិនអាចនឹងយកលុយទៅជាមួយបាននោះដែរ។ លោកចាត់ទុកសកម្មភាពមនុស្សធម៌របស់លោក គឺជាទង្វើគុណធម៌មួយនៅក្នុងសង្គម ដើម្បីតបស្នងទៅសង្គម និងប្រជាពលរដ្ឋ ដែលបានផ្តល់ឱកាសឱ្យលោក និងបងប្អូនកសាងជីវភាពបានប្រសើរ។

អ្នកឧកញ៉ាវ័យក្មេងរូបនេះ ក៏បានអះអាងដែរថា បច្ចុប្បន្នលោកកំពុងបណ្តុះនូវគំនិត «គុណធម៌» ដល់កូន បងប្អូន និងបុគ្គលិករបស់លោកផងដែរ។ អ្នកឧកញ៉ារូបនេះ មានជំនឿថា អំពើជាគុណធម៌នឹងជួយទ្រទ្រង់មនុស្ស ហើយជួយឱ្យសង្គមមាននូវសេចក្តីសុខផងដែរ។

សូមបញ្ជាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ដូចជាបងប្អូនត្រកូល «ឡេង» របស់លោក តែងបានចូលរួមរំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ដូចជាការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោះស្រាយការលំបាកមកពីគ្រោះទឹកជំនន់ជាដើម។ អ្នកឧកញ៉ា និងបងប្អូន ក៏តែងបានធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ដូចជាការបរិច្ចាគថវិកាជូនទៅមន្ទីរពេទ្យគន្ធបុប្ផាជាដើម៕