(បន្ទាយមានជ័យ)៖ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តជួសជុលផ្លូវជាតិលេខ៥ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងរៀបជម្រាលប្រឡាយសងខាង និងដាក់រីហ្គារថ្មី នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការឲ្យដឹងពីលោក សុក ចាន់ថា ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

លោក សុក ចាន់ថា បានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បន្តជួសជុលផ្លូវជាតិលេខ៥ ដោយរួមមាន បន្តការងារថែទាំខួបផ្លូវជាតិលេខ៥៦D ចន្លោះពីគម ១៩+១០០ ទៅដល់ គីឡួម៉ែត្រ ១៩+៣០០ ដោយកាយដីស្អុយចេញរួចកៀរកិនបង្ហាប់ និងការងារថែទាំ ចន្លោះពីគម ១៤+០០០ ទៅដល់គីឡូម៉ែត្រ ១៥+០០០ ដោយសម្អាតរុក្ខជាតិ និងកាយបើកមុខទឹក ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

បន្ថែមពីនេះ បន្តការងារថែទាំផ្លូវជាតិលេខ៥៩ ចន្លោះពីគីឡួម៉ែត្រ ៦+០០០ ទៅដល់ គីឡូម៉ែត្រ ៦+៥០០ ដោយលុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ចំណែកផ្លូវជាតិមានប្រវែង៣,៣០០ម៉ែត្រ រងគ្រោះច្រោះដាច់ដោយអន្លើ ដោយទឹកជំនន់ចាប់ពីវង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកស្រុកមង្គលបូរី ត្រូវបានជួសជុលឡើងវិញចាក់កៅស៊ូប្រភេទ DBST។

លោក សុក ចាន់ថា បានបញ្ជាក់ទៀតថា កន្លងមកផ្លូវពីចំណុចរង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែកទៅស្រុកមង្គលបូរី រងគ្រោះដោយទឹកជំននទឹកភ្លៀង និងទឹកហូរធ្លាក់មកពីថៃយ៉ាងខ្លាំង បណ្តាលហូរកាត់ផ្លូវជាតិច្រោះដាច់ជាដុំៗ ច្រើនកន្លែង។ ពេលនោះមន្ទីរសាធារណការ បាននិងកំពុងបន្ដការងារជួសជុលផ្លូវ ច្រោះដាច់ដោយជំនន់ទឹកភ្លៀងនេះ អនុវត្តតាមបទបញ្ជារបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះ ក្រុមការងាររបស់លោក បានចាប់ផ្តើមស្ថាបនាឡើងវិញ ចាប់ពីដើមខែមករា ឆ្នាំ២០២១ ជាបណ្តើរៗហើយដោយចាក់កៅស៊ូ DBST និងមានប្រឡាយរំដោះទឹកដោយរៀបថ្មភ្នំ ឬថ្មប្រឡុងផ្នែកខាងលិចផ្លូវ មានទទឹងខាងលើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។

ផ្លូវដែលស្ថាបនាមាន២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១៖ ពីចំណុចក្បាលស្ពានសែសិនខាងកើត ដល់ព្រំប្រទល់ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ និងដំណាក់កាលទី២៖ ពីចំណុចក្បាលស្ពានសែនសិនខាងលិច ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ជួសជុលកន្លែងដែលខូច និងរៀបចំខឿនការ៉ូឡាឡើងវិញ៕