(ព្រះសីហនុ)៖ ជនជាតិចិន៤នាក់ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់គំរាមរកបាញ់ជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មានជនជាតិចិនម្នាក់ បានទូរស័ព្ទមករាយការណ៍តាមប្រព័ន្ធ Hotline របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិន ៤នាក់ ជិះរថយន្ត១គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BF-7554 បានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់ខ្លួន។

បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជា្រវបង្ក្រាប បានជនសង្ស័យចំនួន៤នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ និងបានបង្កើតជាគណៈកម្មការត្រួតពិនិត្យរថយន្ត ក៏រកឃើញមានកាំភ្លើងខ្លី ចំនួន០២ដើម ម៉ាកROLO S&W 357 MAGNUM គ្រាប់ចំនួន០៦គ្រាប់ និងម៉ាក CZ75 គ្រាប់ចំនួន៣១គ្រាប់ ប្រភេទ9mm ក្នុងរថយន្តនៅកម្រាលជើងកៅអីផ្នែកខាងក្រោយ។

ក្នុងនោះ វត្ថុតាងចាប់យកបាន រួមមាន រថយន្ត១គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BF-7554, កាំភ្លើងខ្លី ចំនួន០២ដើម ម៉ាក ROLO និងម៉ាក CZ75 ព្រមទាំងគ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm។ ចំពោះជនសង្ស័យខាងលើ ផែនការងារជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់៕