(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា កម្លាំងអាវុធហត្ថទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងពេញទំហឹង ជាមួយស្ថាប័នគយដើម្បីប្រមូលថវិកាជូនជាតិ លើការអនុវត្តច្បាប់ចំពោះរថយន្ដឯកជន ដែលប្រើប្រាស់ផ្លាកលេខ ខ.ម និង ន.ប តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន គឺមានរួចជាស្រេចហើយ ក្នុងឱកាសពិធីអបអរសាទរខួបទី២០ នៃការបង្កើតកងទ័ពជើងគោក កាលពីពេលកន្លងទៅ ដែលសម្ដេចតេជោ បានណែនាំឲ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយស្ថាប័នគយ ដែលជាស្ថាប័នមួយមានតួនាទីប្រមូលចំណូលជូនជាតិ។

នាយឧត្តមសេនីយ៍ សៅ សុខា បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ លោកក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានណែនាំ និងកំពុងតាមដានបន្ដទៀត លើការអនុវត្តរបស់មន្ដ្រីអាវុធហត្ថនៅទូទាំងប្រទេស ជាមួយស្ថាប័នគយ លើការងារអនុវត្តច្បាប់ចំពោះរថយន្ដឯកជន ដែលជ្រកក្រោមផ្លាកលេខ ខ.ម និង ន.ប ដែលមិនបានបង់ពន្ធត្រឹមត្រូវ។

នាយឧត្តមសេនីយ៍ មេបញ្ជាការ បានលើកឡើងទៀតថា អាវុធហត្ថទាំងអស់ត្រូវតែស្គាល់ឲ្យច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន លើការងារអប់រំ និងការពារមន្ដ្រីអនុវត្តច្បាប់ គឺមន្ដ្រីគយតែម្ដង។ អ្វីដែលជាចំណុចសំខាន់ ត្រូវបង្ក្រាបភ្លាមៗ ក្នុងករណីមន្ដ្រីណា ឬបុគ្គលណារារាំងការអនុវត្តច្បាប់របស់មន្ដ្រីគយ លើការងារប្រមូលចំណូលនេះ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានក្រើនរំលឹកដល់មន្ដ្រីអាវុធហត្ថទាំងអស់ មិនត្រូវភ្លេចនូវតួនាទីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ កម្លាំងអាវុធហត្ថ ក៏បានចូលរួមបង្ក្រាបបទល្មើសធំៗ មានទាំងបទល្មើសធនធានធម្មជាតិ និងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាដើម។

នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកនូវពាក្យស្លោកចំនួន៤ ធំៗរបស់អាវុធហត្ថ គឺ «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ ក្នុងករណីបុគ្គលអាវុធហត្ថណាប្រព្រឹត្តខុសត្រូវតែបង្ក្រាប និងចាត់វិធានការមុនគេ។

សូមរំលឹកថា រដ្ឋាភិបាលកម្ពុជា បានជូនដំណឹងជាផ្លូវការទៅកាន់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ពាក់ព័ន្ធការអនុវត្តច្បាប់ចំពោះយានយន្ដឯកជនក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីគយ៕