(បាត់ដំបង)៖ ប្រជាកសិករជាអ្នកដាំមៀនក្រអូបនៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានបង្ហាញនូវក្តីរីករាយជាខ្លាំង ក្រោយទទួលបានកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយទិញមៀនដែលកំពុងទុំលើដើម ហើយគ្មានទីផ្សារ។

លោក ទិត្យ ម៉ៅ អាយុ ៦០ឆ្នាំ គឺជាប្រជាកសិករម្នាក់ ដែលបានប្រកបរបរដាំមៀនក្រអូបលើផ្ទៃដីប្រមាណ៨ហិកតា នៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ លោក ទិត្យ ម៉ៅ បានប្រកបរបរដាំមៀនរយៈពេល៦ឆ្នាំមកហើយ។ មៀនរបស់លោកប្រមូលផលបាន៣ឆ្នាំហើយដែរ។

បើតាមលោក ទិត្យ ម៉ៅ របរដាំផ្លែមៀននេះ បានធ្វើឱ្យជីវភាពរបស់លោកបានប្រសើរ ជួយឱ្យកូនរៀនចប់ពេទ្យ។ របរនេះ ក៏ជួយឱ្យរូបបានលោះប្លង់ដីរបស់លោកពីធនាគារមកវិញផងដែរ។

លោក ម៉ៅ បានអះអាងថា ការដាំដុះមៀនមិនជាលំបាក ហើយក៏មិនសូវរើសដីនោះដែរ។ នៅឆ្នាំដំបូងមៀនរបស់លោក ប្រមូលផលបានប្រមាណជា ៩តោន ឆ្នាំទី២ ប្រមូលបានប្រមាណ ២០តោន ហើយឆ្នាំ២០២១ ដែលឆ្នាំទី៣ លោកប្រមូលផលបានរហូតដល់ប្រមាណ ៣០តោន។

កសិករដាំមៀនក្រអូបរូបនេះ បានគូសបញ្ជាក់ថា ការប្រមូលឆ្នាំដំបូង មៀនរបស់លោកមានទីផ្សារល្អ ហើយតម្លៃលក់បានរហូតដល់ ៨ពាន់រៀល តែធ្លាក់ជាបន្តបន្ទាប់រហូតដល់ ៤,៥០០រៀល។ ប្រមូលផលឆ្នាំដំបូង កសិករដាំមៀនក្រអូបរូបនេះ ទទួលបានថវិកាសរុបប្រមាណ ៤០លានរៀល ហើយឆ្នាំទី២ ទទួលបានថវិកាសរុបប្រមាណ ៧៥លានរៀ។

លោក ទិត្យ ម៉ៅ បានឱ្យដឹងថា ផ្លែមៀនរបស់លោករាល់ឆ្នាំមិនដែលលក់ទៅក្រៅប្រទេសនោះឡើយ នៅពេលប្រមូលផលម្តងៗ ឈ្មួញតែងតែចុះមកប្រមូលទិញ ទៅចែកចាយតាមទីផ្សារនានានៅក្នុងស្រុក។ ប៉ុន្តែឆ្នាំ២០២១នេះ ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩ មិនមានឈ្មួញចុះមកប្រមូលទិញផ្លែមៀនទៀតនោះឡើយ។

«គេ [ឈ្មួញ] និយាយថា ពូអើយនៅផ្សារកន្លែងខ្ញុំតែគេកើតកូវីដ១៩ម្នាក់ គេបិទផ្សារហើយ។ ចុះទៅទិញម៉េចកើត? យកមកលក់ម៉េចកើត? ទិញពូ ៣០០គីឡូទៅ តែគេបិទផ្សារទៅលក់តាមចិញ្ចើមផ្លូវ មាននរណាហូប»។ នេះជាការបញ្ជាក់របស់លោក ទិត្យ ម៉ៅ។

វិបត្តិជំងឺកូវីដ១៩នេះ បានធ្វើឱ្យផ្លែមៀនរបស់លោក ទិត្យ ម៉ៅ ក៏ដូចជាកសិករដទៃទៀត ត្រូវសល់ផ្លែមៀនលើដើម។ ការរកទីផ្សារមិនបាននេះ បាននាំឱ្យលោក ទិត្យ ម៉ៅ មានការខ្វាយខ្វល់ចិត្ត និងព្រួយបារម្ភជាខ្លាំងផងដែរ។

តែក្តីបារម្ភ និងការខ្វាយខ្វល់របស់លោក ទិត្យ ម៉ៅ ត្រូវបានរសាយទៅវិញ ក្រោយពេលរូបលោកបានទទួលព័ត៌មានកិច្ចអន្តរាគមន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការប្រមូលទិញផ្លែមៀនរបស់គាត់ ក៏ដូចជាកសិករដទៃ។

ការទិញប្រមូលទិញផ្លែមៀនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មិនបានខ្ពស់ដូចការលក់របស់ប្រជាកសិករដូចឆ្នាំកន្លងទៅនោះទេ។ ការណ៍នេះ នាំឱ្យមនុស្សមួយចំនួនបានសម្តែងនូវមតិមិនល្អ និងអវិជ្ជមានចំពោះកិច្ចអន្តរាគមន៍របស់សម្តេចតេជោ។

តែសម្រាប់ប្រជាកសិករជាអ្នកដាំមៀនផ្ទាល់ មិនបានយល់ឃើញដូចទស្សនៈរបស់មនុស្សមួយចំនួននោះឡើយ។ បើទោះបីតម្លៃមិនបានខ្ពស់ដូចរាល់ឆ្នាំ តែការអន្តរាគមន៍របស់សម្តេចតេជោ បានជួយដោះទាល់ប្រសើរជាងទុកមៀនទុំជ្រុះចោល។

លោក ទិត្យ ម៉ៅ បានគូសបញ្ជាក់ថា «តម្លៃមិនបានដូចមុនក៏មិនអីដែរ ខ្ញុំសប្បាយចិត្តកុំឱ្យវាទុំស្អុយចោល។ ធម្មតារាប់ពាន់ម៉ឺនគីឡូ អ៊ីចឹងបើមួយគីឡូត្រឹមជាង ១ពាន់ រាប់សិបតោនក៏មិនតិចនោះដែរ។ លុយមិនងាយរកនោះទេ អ្នកអត់ ដើររកគេតែមួយរៀល ក៏គេមិនឱ្យដែរ»

លោក ទិត្យ ម៉ៅ ក៏ដូចជាកសិករដាំមៀន និងត្រងែនដទៃទៀត ក្រៅតែពីការសប្បាយរីករាយ ពួកគេក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រមូលទិញផ្លែមៀន ក៏ដូចជាផ្លែត្រងែននៅក្នុងខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទីផ្សារផ្លែមៀន និងផ្លែត្រងែនរបស់ប្រជាកសិករនៅខេត្តបាត់ដំបង និងប៉ៃលិន ដែលកំពុងចាល់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រមូលទិញផ្លែមៀនពីប្រជាកសិករបានប្រមាណជិត ២ពាន់តោន។

បច្ចុប្បន្នផ្លែមៀន និងផ្លែត្រងែនរបស់ប្រជាកសិករទុំមិនទាន់អស់នៅឡើយទេ ហើយក៏កំពុងទុំជាបន្តបន្ទាប់ទៀតផងដែរ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះប្រមូលទិញផ្លែមៀន និងផ្លែត្រងែនទាំងនោះ មកចែកចាយបន្តដល់ប្រជាពលរដ្ឋក្នុងតម្លៃមួយទាប (តម្លៃ ១៩០០រៀល ក្នុងមួយគីឡូក្រាម) ដើម្បីជាយុទ្ធនាការរួមគ្នាជួយសង្គ្រោះផ្លែមៀន និងត្រងែនរបស់កសិករខ្មែរ៕