(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមន្ត្រីជំនាញ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែក ប្រវែង៣៩៤ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០,២០ម៉ែត្រ និងដាក់លូមុខកាត់ទំហំ១,៥ម៉ែត្រ បណ្តោយ ៣៩៤ម៉ែត្រ ស្ថិតក្នងភូមិតាងៅ សង្កាត់និរោធ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ផ្លូវបេតុងនេះ ជាគម្រោងរបស់សាលារាជធានីភ្នំពេញ និងជាការរួមចំណែកជាមួយអភិបាលរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានសោភ័ណភាព ងាយស្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ។

លោក ចេង មុនីរ៉ា បានអះអាងថា នៅសង្កាត់និរោធនេះ មិនមែនមានតែផ្លូវ១ខ្សែនេះទេ គឺបាននិងកំពុងជួសជុលផ្លូវជាច្រើនខ្សែទៀត ហើយយើងបានទទួលសមិទ្ធិផលជាច្រើន។ លោកថា ការអភិវឌ្ឍន៍មូលដ្ឋានធ្វើទៅតាមថវិកាមូលនិធិរបស់សង្កាត់ និងថវិកាខណ្ឌ ព្រមទាំងការផ្តល់នូវសមិទ្ធិផលដែលជាថវិការបស់សាលារាជធានីភ្នំពេញ ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមសង្កាត់ទាំង៨ផងដែរ ។

ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ មេត្តាយោគយល់អធ្យាស្រ័យ ដែលប៉ះពាល់ ដោយសារការអនុវត្តគម្រោងនេះ និងចូលរួមជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើការអនុវត្តការងាររបស់ក្រុមហ៊ុន។ លោកអភិបាលខណ្ឌ បានបន្ថែមថា យើងធ្វើជាប្រចាំ ធ្វើដើម្បីប្រជាពលរដ្ឋរបស់យើង និងចុងក្រោយលោក សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នាំគ្នាជួយថែរក្សានូវសមិទ្ធផលនេះ ដែលយើងទទួលបានផង ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លុបបំបាត់មិនឲ្យមានការចែកចាយប្រើប្រាស់ថ្នាំញៀន និងចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ ៣ការពារទាំងអស់គ្នា។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ គឺជាការងាររួម៕