(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «Cambodian Djs Championship 2016» ដែលបានរៀបចំឡើង ដោយ Zeus Club នៃមជ្ឈមណ្ឌលកម្សសាន្ត រ៉ក់ បានរកឃើញកំពូល DJ ប្រចាំប្រទេសកម្ពុជាហើយ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នារាត្រីយប់មិញនេះ គឺបានទៅលើ បេក្ខនារីដែល​មកពីទឹកដីអង្គរ នៃខេត្តសៀមរាប គឺ DJ Snowy បន្ទាប់ពីព្រឹត្តិការណ៍ ប្រកួតប្រជែង សមត្ថភាព DJ ជាលើកដំបូង ក្នុងប្រទេសកម្ពុជា បានបើកដំណើរការជ្រើសរើស យ៉ាងស្វិតស្វាញ អស់រយៈពេលជិត៤ខែកន្លងមក​។ ​

ជាលទ្ធផល នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីបានរកឃើញបេក្ខជន និងបេក្ខនារីចំនួន៤រូប ដើម្បីធ្វើការប្រកួតប្រជែងគ្នា រកអ្នកមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ក្លាយជា DJ កំពូលប្រចាំប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែង នៅលើឆាកអន្តរជាតិ។ អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍នោះ គឺកម្មវិធីបានរកឃើញ DJ ដែលមាន​សមត្ថភាពខ្ពស់ គួរឲ្យកោតសរសើរ គឺបេក្ខនារី មានឈ្មោះពិតថា ម៉ៅ ពេជ្រជីវ៉ា អាយុ២៥ឆ្នាំ ហៅ DJ Snowy មកពីខេត្តសៀមរាប ​។ ដោយឡែកបេក្ខជន ចំនួន៣រូបទៀត រួមមាន DJ Naga ទទួលបាន​ចំណាត់​​ថ្នាក់​លេខ២ ,DJ អូន ទទួលបានចំណាត់ថ្នាក់លេខ៣ និង DJ Kid ទទួលបានចំណាត់ថ្នាក់លេខ៤។

លោក Raindy នាយកគ្រប់គ្រងទីផ្សារ នៃមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ និងជាគណៈមេប្រយោគ ក្នុងកម្មវិធីប្រកួតតំណាងឲ្យកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ​ ដែលមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ បានសហការជាមួយ Powerlive International Agency & Stronghold Entertainment រៀបចំកម្មវិធីនេះឡើង ដើម្បីស្វែងរកឌីជេ ពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា ក្នុងន័យបង្ហាញទៅកាន់ប្រទេសដទៃទៀតថា កម្ពុជាក៏មានឌីជេ ប្រចាំប្រទេសរបស់ខ្លួន និងមានសមត្ថភាពខ្ពស់ មិនចាញ់អន្តរជាតិប៉ុន្មានឡើយ។ ជាមួយគ្នានេះ ក៏ក្នុងន័យ ដើម្បីលើកស្ទួយទៅលើវិស័យ ឌីជេ នៅក្នុងប្រទេស ក៏ដូចជាផ្ដល់ឱកាសដល់យុវជន យុវនារី ដែលមានសមត្ថភាព ពោរពេញដោយទេពកោសល្យ និងភាពវ័យឆ្លាត ស័ក្តិសម ជាកំពូលឌីជេប្រចាំប្រទេស។

លោកបានបន្តទៀតថា កម្មវិធីប្រកួតប្រជែងសមត្ថភាពថ្នាក់ជាតិ ដើម្បីក្លាយជា​ឌីជេ លំដាប់ថ្នាក់លេខ១ សម្រាប់ប្រទេសកម្ពុជា នឹងផ្ដល់ឱកាស​ ទៅចូលរួមប្រកួតនៅក្រៅប្រទេស នៅក្នុងតំបន់អាស៊ី និងអឺរ៉ុបជាដើម។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលជាដៃគូដូចជា Powerlive International Agency & Stronghold Entertainment នឹងដឹកនាំសម្រាប់ឌីជេ ជាប់ជ័យលាភី ទៅចូលរួមប្រកួតនៅក្រៅប្រទេស ដែលយើងបានសហការ​ ជាមួយបណ្ដាប្រទេសជាដៃគូ ដូចជា អាហ្វ្រិក ,អាមេរិក,ថៃ,សៀងហៃ និងប្រទេសសឹង្ហបុរី ជាដើម។

ដោយឡែកសម្រាប់ DJ Snowy ដែលជាអ្នកទទួលបានជ័យលាភីលេខ១ បានប្រាប់ Khmertalking ថា នាងពិតជាមានអារម្មណ៍រភើបរីករាយ រហូតដល់ស្រក់ទឹកភ្លែករលីងរលោង ព្រោះមិននឹកស្មានថា ខ្លួនទទួលបានជ័យលាភី នៅថ្ងៃនេះសោះឡើយ ។ ជាការពិតរយៈពេល៦ឆ្នាំ ដែលនាងបានប្រឡូក ក្នុងវិស័យជាឌីជេនេះ គឺមិនត្រូវបានមនុស្សទូទៅឲ្យតម្លៃ និងទទួលស្គាល់នោះទេ នាងហាក់រស់នៅក្នុងភាពឈឺចាប់មួយ ដែលអ្នកនៅជុំវិញខ្លួន មិនទទួលស្គាល់នូវសមត្ថភាព និងជំនាញរបស់នាង។ ថ្ងៃនេះនាងពិតជារំភើបរកអ្វីហាថ្លែងពុំបាន ហើយនឹងប្ដេជ្ញាថា នឹងរកអ្វីដែលថ្មី ប្លែក បន្ថែមទៀតបម្រើដល់វិស័យឌីជេ ដើម្បីឲ្យគេមើលឃើញថា ជំនាញឌីជេ ត្រូវបានគេទទួលស្គាល់ ចាប់ពីថ្ងៃនេះតទៅ។

នាងនិយាយថា «ខ្ញុំមិននឹកស្មានថា ខ្ញុំអាចធ្វើវាបាន ខ្ញុំនិយាយមិនចង់ចេញ, ខ្ញុំស្មានអត់ដល់ទេសម្រាប់ Champion របស់ខ្ញុំថ្ងៃនេះ។ អ្វីដែលជាកត្តាជំរុញឲ្យខ្ញុំជោគជ័យ គឺមកពីខ្ញុំស្រឡាញ់អាជីព ឌីជេនេះ​ខ្លាំង ខ្ញុំឃើញ​​ឌីជេខ្លះ គេមានក្រុម មានបក្ខពួក ហើយគាត់មិនដែលឲ្យតម្លៃឌីជេស្រុកឯកទេ(ឌីជេដូចគ្នា) សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំអត់មានគ្រូសោះ អត់​បានរៀនចេញពីសាលាទេ គាត់ថែមទាំងមើលងាយទៀត។ អ្វីដែលខ្ញុំដឹង គឺគេអត់ឲ្យតម្លៃខ្ញុំ ខ្ញុំឈឺចាប់ណាស់រយៈពេល៦ឆ្នាំហ្នឹង.! តែថ្ងៃហ្នឹងខ្ញុំបានស្គាល់ នូវអ្វីដែលជារបស់ខ្ញុំ ខ្ញុំចង់ឲ្យពួកគាត់ទាំងអស់គ្នាទទួលស្គាល់ ហើយទទួលយកនូវអ្វីដែល​ខ្ញុំមាន..!»

សូមបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់អ្នកដែលទទួលបាន ជ័យលាភីលេខ១ គឺបានចំនួន១០លានរៀល, លេខ២ទទួលបាន៣លានរៀល, លេខ៣ទទួលបាន២លានរៀល និងលេខ៤ទទួល​បាន១លានរៀល ព្រមទាំងរង្វាន់ជាច្រើនទៀត ពីម្ចាស់ឧបត្ថម្ភកម្មវិធី ក្នុងនោះមាន ស្រាបៀរ Ganzberg , Freshy, Jack Daniel's USA Whisky គ្រឿងសំអាង MBK , Ice Watch Bayonairline និង Livewire៕

Posted by Fresh News Photo on Wednesday, March 30, 2016