(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌបឹងកេងកង បានចុះធ្វើអនាម័យ សំអាតបរិស្ថាន និងបាញ់សម្លាប់មេរោគនៅតាមថ្នាក់រៀននៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដើម្បីត្រៀមឱ្យសិស្សានុសិស្សបានចូលរៀនវិញ ស្របតាមណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ។

យុទ្ធនាការនេះដឹកនាំដោយលោក ធឹម សំអាន អភិបាលខណ្ឌ និងមានការចូលរួមពីមន្ត្រីរាជការខណ្ឌ សង្កាត់ សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយចូលរួមធ្វើពលកម្ម ដើម្បីសំអាតបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង សម្រាប់ទុកលទ្ធភាពឲ្យសិស្សបានចូលរៀនវិញ ប្រកបដោយផាសុខភាព និងមិនព្រួយបារម្មណ៍ពីការឆ្លងជំងឺកូវីដ១៩ ក្រោយពីទីតាំងសាលា ត្រូវបានយកធ្វើជាមណ្ឌល ចត្តាឡីស័ក និងទីតាំងសំរាប់ចាក់វ៉ាកសាំងការពារកូវីដក្នុងពេលកន្លងមក។

លោក ធឹម សំអាន បានប្រាប់ឱ្យដឹងថា ការធ្វើអនាម័យបរិស្ថាននៅពេលនេះ មានការប្រើប្រាស់ថ្នាំ សម្រាប់បាញ់សម្លាប់មេរោគនៅតាមបន្ទប់ ព្រមទាំងការប្រមូលសំរាម នៅតាមទីធ្លានិងក្នុងថ្នាក់ ដោយប្រើគ្រឿងចក្រ និងមានការ ប្រើដ្រូន សម្រាប់ហោះបាញ់ស្រោចថ្នាំពីលើអគារបន្ថែមទៀតផង។ លោកអភិបាលខណ្ឌបានបន្ថែមថា «ការធ្វើអនាម័យនៅពេលនេះ ក្រោយទទួលបានបទបញ្ជាពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ឱ្យធ្វើការសម្អាត ទីតាំងបរិវេណសាលា ត្រៀមបើកឱ្យសិស្សបានចូលរៀនវិញ»

លោក ធឹម សំអាន បានបញ្ជាក់ថា ការធ្វើអនាម័យនៅពេលនេះ គឺដើម្បីប្រាកដថាទីតាំងសាលាទាំងមូល មានអនាម័យ និងមិនឲ្យសិស្ស ក៏ដូចជាអាណាព្យាបាល មានការព្រួយបារម្មណ៍ នៅពេលត្រឡប់ចូលសិក្សាវិញ។

លោកបន្ថែមគូសបញ្ជាក់ថា ការធ្វើអនាម័យនៅពេលនេះ និងបន្តរហូតទៅតាមទីតាំងវិទ្យាល័យផ្សេងៗទៀត ដើម្បីសំអាតបរិស្ថាន និងអនាម័យសម្រាប់ត្រៀមបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនវិញនៅពេលខាងមុខនេះ។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួនជាង២០០គ្រឹះស្ថាន ខណៈគ្រឹះស្ថានអប់រំឯកជនមានចំនួនជិត៥០០គ្រឹះស្ថាន។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀន មួយចំនួន ដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ១៩នោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ណែនាំឱ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញផងដែរ៕