(ភ្នំពេញ)៖ អ្នកនយោបាយរត់ចោលស្រុកម្នាក់ ដែលល្បីល្បាញខាងបំភ្លៃ បំផ្លើស និងបំផ្លាញ រហូតជាប់ទោសទណ្ឌក្នុងបទឧបឃាត ទោសប្រមាថព្រះចេស្តា និងទោសទណ្ឌក្នុងផ្លូវច្បាប់ផ្សេងទៀត ជាច្រើននោះ ក៏បាន និងកំពុងជាប់ចំណាត់ថ្នាក់ជាអ្នកជំនាញខាងបោកប្រាស់ ប្រមូលលុយដាក់ហោប៉ៅខ្លួនឯង ។

បុគ្គលអ្នកនយោបោកម្នាក់នេះ តែងតែស្រែកជំទាលថា៖ «បក្សយើងបានជោគជ័យច្រើនណាស់ យើងប្រាកដ្ឋជាឈ្នះ យើងជិតឈ្នះមែនទែនហើយ ការចូលលុយរបស់បងប្អូនមិនខុសបំណងទេ សូមបន្តចូលលុយថែមទៀត»

«តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ យើងរៃអង្គាសលុយ “បង្កើតប៉ុស្ត៍ទូរទស្សន៍ព្រះអាទិត្យ” បងប្អូនបានចូលរួមច្រើនណាស់ យើងជោគជ័យខ្លាំងណាស់ នេះជា “ជោគជ័យស្រមៃ ” របស់យើង»។

«កាលពីឆ្នាំ២០១៨ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ យើងនាំគ្នា “ ដេកផ្ទះឈ្នះឯង ” នេះជា “ ជោគជ័យស្រមៃ ” របស់យើង»។

«កាលពីឆ្នាំ២០១៩ យើងនាំគ្នារៃអង្គាសលុយសម្រាប់ “ ធ្វើមាតុភូមិនិវត្តន៍ ” នេះក៏ជា “ ជោគជ័យស្រមៃ ” របស់យើង»។

«កាលពីឆ្នាំ២០២០ យើងបន្តរៃអង្គាសលុយសម្រាប់ “ធ្វើមាតុភូមិនិវត្តន៍” ម្តងទៀត នេះក៏ជា “ជោគជ័យស្រមៃ” របស់យើង»។

«នៅឆ្នាំ២០២១ កន្លងមកថ្មីៗនេះ យើងរៃអង្គាសលុយពីការ “លក់ប័ណ្ណនាឡិកា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះក៏ជា “ជោគជ័យស្រមៃ” របស់យើង»។

«នៅក្នុងឆ្នាំ២០២១នេះ យើង “ បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ” ក៏ទទួលបាន “ជោគជ័យស្រមៃ” របស់យើងទៀត» ។

«នៅពេលខាងមុខ យើងត្រូវធ្វើកិច្ចការរបស់យើង ដើម្បីទទួលបាន “ជោគជ័យស្រមៃ” បន្តទៅទៀត ។ ប៉ុន្តែបងប្អូនត្រូវតែចូលលុយមែនទែន ចូលឱ្យច្រើនៗ តែហាម “ ចូលលុយស្រមៃ ” មិនបានទេ និងបើខ្ញុំឱ្យធ្វើអីបងប្អូនធ្វើណឹងទៅ បើធ្វើខុសច្បាប់ មានទោសជារឿងរបស់បងប្អូន ។ ចំណែកឯខ្ញុំវិញ បានលុយបងប្អូនចូលវិភាគទាន ខ្ញុំចាយសិនហើយ កុំបារម្ភអី ខ្ញុំនៅឯស្រុកគេ សុខស្រួល ហ៉ឺហា ធម្មតាទេ» ។

បុគ្គលមេឧបឃាតរូបនោះ ពិតជាមានជោគជ័យមែន ដោយទទួលបានលាភសក្ការៈពីការចូលវិភាគទាន ចំណែកអ្នកគាំទ្រមួយចំនួនតូចនោះ ទទួលបានត្រឹមក្តីស្រមៃ ដែលរលាយខ្សុលវិញយ៉ាងឆាប់រហ័ស ។ រាល់ពេលរៀបផែនការរៃអង្គាសថវិកា ទុរជននោះឃោសនាថា នឹងបានជោគជ័យ ទាំងអស់គ្នា តែធាតុពិតមានតែខ្លួនឯងប៉ុណ្ណោះ ដែលបានសើមមាត់សើមក រីឯអ្នកគាំទ្របានត្រឹមបរាជ័យជារៀងដរាប ត្បិតមធ្យោបាយដែលប្រើសម្រាប់ប្រមូលលុយនោះ មិនបានផ្តល់ជាលទ្ធផលអ្វីសោះឡើយ ។ ទោះជាយ៉ាងណាក្តី ពីមួយថ្ងៃទៅមួយថ្ងៃ បុគ្គលនេះកាន់តែអស់ផ្លូវរកស៊ី និងអស់ផ្លូវធ្វើនយោបាយបំផ្លាញជាតិ ត្បិតអំពើបំពានច្បាប់ដ៏គឃ្លើនរបស់ខ្លួន បាននាំឱ្យខ្លួនត្រូវជាប់រឹតរួតក្នុងសំណាញ់ច្បាប់ មិនអាចចូលប្រទេសវិញបាន ហើយមានតែបន្តបោកប្រាស់អ្នកនៅក្រៅប្រទេស ដើម្បីបានប្រាក់ចាយក្នុងគ្រួសារផ្ទាល់ខ្លួន ។ « បានស្គាល់ និងដឹងខ្លួនខ្លះឬនៅ បងប្អូន ? » ។

ការពិតពីមាតុភូមិ, ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥

ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១