(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលថ្មីខណ្ឌឬស្សីកែវ បានឧបត្ថម្ភថវិកា, សម្ភារប្រើប្រាស់ រួមមានទាំងក្រមា, អាកុល, ម៉ាស, សាប៊ូដុំ និងឧបករណ៍វាស់កំដៅផងដែរដល់ប៉ុស្ដិ៍នគរបាល និងរដ្ឋបាលសង្កាត់ទាំង៧ បន្ទាប់ពីទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសជននានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប នគរបាលប៉ុស្ដិ៍ និងរដ្ឋបាលសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌឫស្សីកែវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឯក ឃុនដឿន ដែលបានយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការ និងកងកម្លាំង ក្រោយលោកត្រូវបានផ្ទេរភារកិច្ចជាអភិបាលខណ្ឌ។

ក្នុងឱកាសចែកជូនថវិកា និងអំណោយជូនមន្រ្តីរាជការ និងកងកម្លាំងនគរបាល, លោកបានលើកឡើងថា លោកមានតួនាទីជាអភិបាលខណ្ឌមែន តែមិនមែនជាចៅហ្វាយនាយដែរ ប៉ុន្តែលោកគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ក្នុងនាមអ្នកបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់, លោកស្នើឱ្យអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណារួមគ្នារៀបចំផែនការអភិវឌ្ឍមូលដ្ឋានមានដូចជា «ស្ដារលូ ដាក់លូ បំពាក់ភ្លើង និងធ្វើផ្លូវ» ដែលជាអទិភាព ជាតម្រូវការចាំបាច់ និងជាសំណូមពរ ហើយត្រូវធ្វើឱ្យបានមុនការបោះឆ្នោតជូនប្រជាពលរដ្ឋ ឱ្យចំគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានជុំរុញបន្ថែមទៀតឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាចលនាប្រជាពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ នៃព្រឹត្តិការណ៍សហគម២០កុម្ភ: បន្ទាប់ពីរួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ដោយធានា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕