(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសថែមទៀត ត្រូវដឹកជញ្ជូនមកប្រទេសកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដល់បណ្តាញព័ត៌មាន Fresh News។

លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ចំនួន៥លានដូស នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា សម្រាប់ចាក់ជូនប្រជាជនឥតគិតថ្លៃ។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ក្នុងនោះប្រទេសចិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់ជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនេះ។

ដោយបូកបញ្ចូលនូវវ៉ាក់សាំងមកដល់ស្អែកនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់ផងដែរ។

វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕