(ភ្នំពេញ)៖ ខណៈនៅពេលដែលមាន ពិធីបុណ្យជាតិធំៗម្តង ពិសេសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម ប្រជាពលរដ្ឋតែងតែនាំគ្នារអ៊ូរទាំថា រថយន្តតាក់ស៊ី រថយន្តឈ្នួល និងរថយន្តក្រុង តែងតែដំឡើងថ្លៃសំបុត្រដឹកជញ្ជូន អ្នកដំណើរនោះ នៅឱកាសបុណ្យចូលឆ្នាំថ្មី ដែលខិតជិតមកដល់ខាងមុខនេះ ក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរ «ថោង ស៊ីន» ប្រកាសយ៉ាងក្តែងៗថា ក្រុមហ៊ុនខ្លួនមិនដំឡើងថ្លៃទេ!។  

តំណាងក្រុមហ៊ុនឡានក្រុងដឹកអ្នកដំណើរ ថោង ស៊ីង បានបញ្ជាក់ប្រាប់ Fresh News ថា ការមិនដំឡើងថ្លៃទិញសំបុត្រនេះ ក្រុមហ៊ុនតែងតែធ្វើនៅក្នុង ឱកាសបុណ្យទានធំៗនានា របស់កម្ពុជា ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌនិងបុណ្យ ចូលឆ្នាំចិន-វៀតណាម ជាដើម ដែលជាគោលការណ៍ច្បាស់លាស់របស់ក្រុមហ៊ុន។

តំណាងក្រុមហ៊ុនដដែលបញ្ជាក់ថា ក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីង មានសេវាដឹកជញ្ជូនអ្នកដំណើរ ស្ទើរគ្រប់ខេត្តក្រុងទាំងអស់ នៅកម្ពុជា ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀតនោះ ក្រុមហ៊ុនក៏មានរថយន្តរត់ ពេលយប់ ចាប់ពីម៉ោង ៦៖០០នាទីល្ងាច ដល់ម៉ោង ១១៖០០នាទីយប់ ដោយរថយន្តចេញដំណើរកន្លះម៉ោងៗ មានកន្លែងសម្រាប់ ភ្ញៀងគេងផងដែរ៕