(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា ប្រធានសមាគមនារីថ្នាក់ខេត្ត រួមជាមួយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូប នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម ដែលបានទទួលមរណភាព ដោយសាររោគាពាធ។

លោកស្រី ឯម ថាវី បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦រោច ខែ ស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៤ទៀបភ្លឺ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ថ្នាក់ដឹកនាំក្នុងខេត្តកំពង់ចាមទាំងអស់មកចូលគោរពវិញ្ញាណក្ខន្ធសពលោកស្រី ឯម ថាវី នាពេលនេះបានបញ្ជាក់អំពីការគោរព ស្រឡាញ់ចំពោះសព ដែលធ្លាប់បានធ្វើការងារជាមួយគ្នាក្នុងរយៈពេលកន្លងទៅផងដែរ ។

លោកអភិបាលខេត្ត បានបន្តថា លោកស្រី ឯម ថាវី បានចូលកាន់តំណែងជាប្រធានកិច្ចការនារីខេត្តកំពង់ចាម ទើបតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ គាត់បានចាកចេញដោយមិនវិលត្រលប់ ធ្វើឲ្យមានការបាត់បង់ថ្នាក់ដឹកនាំ១រូប ក្នុងវិស័យយេនឌ័រ ដោយបានបន្សល់ទុកនៅអនុស្សាវរីយ៍ និងស្នាដៃការងារជាច្រើន សម្រាប់ជាគំរូ ដល់អ្នកជំនាន់ក្រោយ។

លោក អ៊ុន ចាន់ដា ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តទាំងអស់ បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុតជាមួយគ្រួសារនៃសព និងបានលំឱន កាយ វាចាចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកស្រី ឯម ថាវី សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕