(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះថា រយៈពេលមួយសប្តាហ៍ចុងក្រោយ កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានសរុបចំនួន៧ករណី។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងចំណោមបទល្មើសទាំង៧ករណីនេះ ក្នុងនោះមានពាក់ព័ន្ធជនបរទេសចំនួន២ករណី។ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ សមត្ថកិច្ចជំនាញឃាត់ខ្លួនបានមនុស្ស១២នាក់ មានជនជាតិខ្មែរ១០នាក់, ជនជាតិវៀតណាមម្នាក់ និងជនជាតិចិនម្នាក់។

ក្នុងរង្វង់ប្រតិបត្តិការទាំង៧ករណី កម្លាំងនគរបាលជំនាញដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន២៧កញ្ចប់ ទម្ងន់២៨.៥៨ក្រាម, គ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន៩គ្រាប់ និង២ចំណិត ទម្ងន់១.១២ក្រាម, កញ្ឆាក្រៀមចំនួន ០១កញ្ចប់ ទម្ងន់១០២.១៥ក្រាម, ទូរស័ព្ទដៃ ១២គ្រឿង, ម៉ូតូ ៤គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង, កាំភ្លើងកែឆ្នៃ ១ដើម, ខ្សែក ១ខ្សែ, អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក និងផ្លាកលេខម៉ូតូ ១សន្លឹក។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕