(ភ្នំពេញ)៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រតិបត្តិករមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅ សណ្ឋាគារ ROSEWOOD PHNOM PENH បានចុះអនុស្សារណៈ យោគយល់គ្នា លើក្របខ័ណ្ឌទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី សម្រាប់សហគ្រិន និងសហគ្រាសធុនតូចនិងមធ្យម។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងលោក អាន់តូនី ហ្គាលីយ៉ាណូ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា អនុស្សរណៈយោគយល់គ្នានេះ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលមានការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្ពោះទៅរកភាពរស់រវើក និងច្នៃប្រឌិតដែលជាកម្លាំងចលករមួយ ក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា អនុស្សរណៈយោគយល់គ្នានេះ បានភ្ចាប់មកជាមួយ កិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នា ការរៀបចំបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា ការផ្គូផ្គងអាជីវកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រឹត្តិការណ៍ប្រកួតប្រជែង និងការផ្សព្វផ្សាយវប្បធម៌សហគ្រិនរួមគ្នា។

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) នឹងផ្តល់នូវការពង្រឹងសមត្ថភាព ផ្តល់ការណែនាំ និងការចែករំលែកព័ត៌មានអំពីអាជីវកម្មអាមេរិក នៅក្នុងប្រទេសកម្ពុជា ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នា។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានថ្លែងថា «ភាពជាដៃគូទីផ្សារវាងសហគ្រិនខ្មែរ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិក (AmCham) នឹងផ្ដល់ការបង្កើនល្បឿននៃបេសកកម្មរបស់យើង ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូសហគ្រិនភាព។ ជាមួយនឹងអនុស្សរណៈយោគយល់គ្នានេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ដែលជាដៃគូថ្មីនឹងរួមចំណែកយ៉ាងសំខាន់ ចំពោះចក្ខុវិស័យរបស់យើងក្នុងការក្លាយជាវេទិកាជាតិ សម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព»

ប្រធានសភាពាណិជ្ជកម្មអាមេរិក (AmCham) លោក អាន់តូនីហ្គាលីយ៉ាណូ បានថ្លែងថា «យើងទទួលយកឱកាសនេះ ដើម្បីរួបរួមជាមួយសហគ្រិនខ្មែរ ក្នុងការផ្តល់នូវធនធានជំនាញ និងបណ្តាញដើម្បីអភិវឌ្ឍ ដើម្បីជំរុញទីផ្សារអាជីវកម្ម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រដល់ការចាប់ផ្តើមធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម។ យើងប្តេជ្ញាចិត្តក្នុងការចូលរួមចំណែក ក្នុងការគាំទ្រដល់សមាជិក សហគមន៍ពាណិជ្ជកម្ម ទីផ្សាពាណិជ្ជកម្ម និងប្រទេសរបស់យើង»