(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ពីលោក ឡុង ជីវ័ន្ត និងអ្នកស្រី ជា ធីតា (ភ្នាក់ងារចែកចាយស្រាបៀរ Heineken ប្រចាំខេត្ត) សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នៅក្នុងឱកាសនេះលោក ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនលោក ឡុង ជីវ័ន្ត និងលោកស្រី ជា ធីតា ដែលចូលរួមសហការ និងឧបត្ថម្ភគាំទ្រសម្ភារជាច្រើនមុខដល់រដ្ឋាភិបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងខេត្ត។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ការចូលរួមបរិច្ចាគសម្ភារថវិកា របស់សប្បុរសជននិងក្រុមហ៊ុន សហគ្រាសនានា បានបង្ហាញឲ្យឃើញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរាលដាល។

លោកសង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត។

សូមបញ្ជាក់ថា សម្ភារដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តនាពេលនេះ រួមមាន៖ ទឹករិសុទ្ធ ELan ៥០០ml ចំនួន ១០០កេស, ទឹកក្រូចកូកាកូឡា (ដប) ៣៥០ml. ចំនួន ១០យួរ, ម៉ាស់ ចំនួន ៥០ប្រអប់ និងអាល់កុលចំនួន ២កាន (៦០លីត្រ) ផងដែរ៕