(ភ្នំពេញ)៖ រាជរដ្ឋាភិបាលម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» ដើម្បីដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តជាក់លាក់ ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

ជាក់ស្តែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំនៃ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីជាអនុប្រធាន និងសមាជិក គ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ។

ជាមួយនឹងការគូសបញ្ជាក់អំពីសមិទ្ធផល របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងវិធានការនានាដទៃទៀត ដែលជាកត្តាជំរុញដ៏សំខាន់ នៅក្នុងការបើកឡើងវិញ និងជាបណ្តើរៗនូវរាល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដែលមានដូចជា វិស័យទេសចរណ៍ជាដើម រួមជាមួយនឹងក្របខណ្ឌនៃការរស់ នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ នូវកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានវិស័យទេសចរណ៍ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងឡាយ, រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំនូវសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» ដើម្បីដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តជាក់លាក់ ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

«សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត» នេះ មានចក្ខុវិស័យចូលរួមស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការបើកទទួលទេសចរអន្តរជាតិឡើងវិញ ទៅតាមដំណាក់កាល និងជាជំហានៗ ស្របតាមគន្លងប្រក្រតីភាពថ្មី ដែលប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមានការគ្រប់គ្រងប្រកបដោយគណនេយ្យភាព, សុវត្ថិភាព និងនិរន្តរភាព ដោយផ្អែកទៅលើការកំណត់អញ្ញតិ្ត និងកម្រិតហានិភ័យ ដែលជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ជំហាននីមួយៗយ៉ាងច្បាស់លាស់ ។

«សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត» នេះ មានគោលបំណងដាក់ចេញនូវគោលការណ៍រួម ដើម្បីជំរុញឱ្យការបើកទទួលទេសចរអន្តរជាតិឡើងវិញនេះ អាចរក្សាបាននូវតុល្យភាពរវាងដង្ហើមសង្គម-សេដ្ឋកិច្ច និងដង្ហើមសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ, ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ «ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព» ក៏ដូចជាការចាប់យកឱកាសនេះ សម្រាប់ការធ្វើការកែទម្រង់ស៊ីជម្រៅចំពោះវិស័យ ទេសចរណ៍កម្ពុជា ដើម្បីឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព, សុវត្ថិភាព និងនិរន្តរភាព ។

សេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» នេះបានផ្ដោតលើគោលដៅចំនួន ០៤ រួមមាន៖

១. ការទទួលបានភ្ញៀវទេសចរពីប្រភពទីផ្សារដែលមានសក្តានុពលមានសុវត្ថិភាព និងមានហានិភ័យទាបសម្រាប់គោលដៅទេសចរណ៍កម្ពុជា,
២. ការគ្រប់គ្រងរំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ និងគ្រប់គ្រងនូវការហូរចូលនៃមេរោគកូវីដ-១៩ និងប្រភេទមេរោគបំប្លែងថ្មីៗ,
៣. ការពង្រឹងនូវភាពទាក់ទាញ និងគុណភាពសេវាកម្មទេសចរណ៍របស់កម្ពុជាតាមគន្លងប្រក្រតីភាពថ្មី, និង
៤. បង្កើនទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ជាធាតុចូល និងបានចូលរួមរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះឡើង ប្រកបដោយស្មារតីបុរេសកម្ម និងយកចិត្តទុកដាក់ខ្ពស់។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្ដល់កិច្ចសហប្រតិបត្តិការ និងចូលរួមកែសម្រួលសេចក្តីព្រាងនេះ ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីឱ្យឯកសារដ៏មានសារៈសំខាន់នេះ មានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ សម្រាប់ជាកម្លាំងចលករ ក្នុងការទាក់ទាញភ្ញៀវទេសចអន្តរជាតិ មកកាន់ប្រទេសកម្ពុជាឡើងវិញ សំដៅចូលរួមស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕