(ពោធិ៍សាត់)៖ ដោយមើលឃើញថា មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ កំពុងធ្វើសកម្មភាពនេសាទ បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ យ៉ាងអនាធិបតេយ្យនោះ លោក មាឃ សឿង នាយរងអធិការកិច្ចរដ្ឋបាល ជលផលខាងត្បូង បឹងទន្លេសាប បានដឹកនាំកម្លាំងចម្រុះ ចុះកាប់បំផ្លាញចោលឧបករណ៍ខុសច្បាប់ទាំងនោះ និងបោះបង្គោលការពារតំបន់ អភិរក្សជលផល កំពង់ប្រាក់ផងដែរ ។

លោក មាឃ សឿង បានលើកឡើងថា ការចុះបង្រាប និង កាប់ឧបករណ៍នេសាទ បានចាប់ដំណើរការចាប់ទាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦មកម្ល៉េះ ក្នុងរយៈពេលមួយសប្តាហ៍ ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ទៅដល់ឃុំមេទឹក ស្រុកបាកាន ព្រំប្រទល់ជាមួយខេត្តបាត់ដំបង ។ សកម្មភាពនេះក៏មានការចូលរួមពីសមត្ថកិច្ចចម្រុះ និងសហគមន៍ប្រជានេសាទព្រមទាំងបានធ្វើការ ផ្សព្វផ្សាយជាមុន ដល់ប្រជានេសាទ និង រដ្ឋអំណាចឃុំ ភូមិ ពាក់ព័ន្ធទៅនឹងច្បាប់ជលផល ទើបចុះធ្វើសកម្មភាពជាក្រោយ ។

លោកបានលើកទៀតថា នៅពេលធ្វើសកម្មភាពមានប្រជានេសាទពី១០ទៅ១៥នាក់មកធ្វើការតវ៉ាដល់កម្លាំងសមត្ថកិច្ចតែទោះជាយ៉ាង នេះក៏ដោយ ក្រុមការងារនៅតែបន្តធ្វើ ព្រោះជាបទល្មើសជាក់ស្តែង ត្រូវតែបំផ្លាញចោល កុំឲ្យមានបទល្មើសនេសាទបន្តទៀត ។ ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនេះក្រុមការងារ កាប់បំផ្លាញបរស្បៃមុងដែលមានក្រឡាញឹកបានប្រវែង ២៣០០ម៉ែត្រនិងបង្គោលឈើ ចំនួន ១០០០ដើម ។ ទោះជាសកម្មភាពនេះអនុវត្តតែមួយសប្តាហ៍ក៏ដោយ តែកម្លាំងជំនាញ និងសហគមន៍ប្រជានេសាទនូវតែបន្ត ជាប់ជាប្រចាំ តាមតំបន់គោលដៅរបស់ខ្លួន ក្នុងគោលបំណងជួយអភិរក្សវិស័យជលផល នៅក្នុងបឹងទន្លេសាបនេះឡើងវិញប្រយោជន៍ ដល់កូនចៅយើងជំនាន់ក្រោយៗទៀត ។

នៅក្នុងសកម្មភាពនោះដែរលោក ពិន វុទ្ធី នាយសង្កាត់ជលផលកំពង់លួង ដែលបានដឹកនាំកម្លាំងបោះបង្គោល ការពារតំបន់អភិរក្ស ជលផលកំពង់ប្រាក់បានឲ្យដឹងថា តំបន់អភិរក្សជលផលកំពង់ប្រាក់នេះ មានផ្ទៃដី ២៧០០ហិកតា ស្ថិតនៅក្នុងឃុំស្នាអន្សា ឃុំអូរសណ្តាន់ និង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដែលកន្លងមក ត្រូវបានជនល្មើសមកពីខេត្តផ្សេង លួចចូលធ្វើសកម្មភាពនេសាទ ក្នុងតំបន់ហាមឃាតនេះជាញឹកញាប់ បង្កបញ្ហាប្រឈមជាច្រើនជាក់ ស្តែងនាពេលថ្មីៗកម្លាំងជំនាញបានបង្ក្រាប និងចាប់បានវត្ថុតាង បានដូចជា ៖ អ៊ួនអូសទឹកសាប ១៣វង់រក្សាទុកនៅស្នាក់ការអភិរក្សជលផលកំពង់ប្រាក់ ។

ក្រោយពីសង្កេតឃើញមានបទល្មើសបែបនេះ ខណ្ឌរដ្ឋបាលជលផល មានគោលការណ៍ និងមានយុទ្ធសាស្ត្រថ្មី គឺបោះបង្គោលពេញ ផ្ទៃទឹកក្នុងតំបន់អភិរក្សជលផល កំពង់ប្រាក់ ដើម្បីការពារកុំឲ្យជនខិលខូចលូចចូលមកធ្វើនេសាទ ដូចកាលពីមុនទៀត ដែលសកម្មភាព នេះបានចាប់អនុវត្តនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ដោយសម្រេចបោះ បង្គោលបានចំនួន៣៧៨ហិកតា អស់បង្គោលឈើចំនួន ២៥០០ដើម ការអនុវត្តបែបនេះអាចកាត់បន្ថយនូវបទល្មើសបានពី ៧០ទៅ៨០%។

លោកក៏បានថ្លែងអំណរគុណផងដែរចំពោះបងប្អូនប្រជាពលរដ្ឋ សហគមន៍នេសាទ និង កម្លាំងមានសមត្ថកិច្ច ដែលបានសហការ ចូលរួមទាំងកម្លាំងកាយ សម្ភារៈ ធ្វើឲ្យកិច្ចបោះបង្គោលនេះដំណើរការទៅ មានភាពរលូន ក្នុងស្មារតីលះបង់ខ្ពស់៕