(កំពង់ឆ្នាំង)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះចៅអធិការវត្តគិរីធម្មរាជ ខេត្តកំពង់ឆ្នាំង និងជាព្រះសង្ឃតំណាងខេត្តកំពង់ឆ្នាំង រៀបចំបុណ្យផ្កាប្រាក់មហាសាមគ្គី ជួយគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ បានទទូចអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ចូលរួមជាសុទ្ធាជ្រះថ្លាជួយគាំទ្រដល់មន្ទីពេទ្យកុមារអង្គរ ដែលកំពុងជួបការខ្វះខាតក្នុងព្យាបាលដល់កុមារ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាទីប្រឹក្សាផ្ទាល់សម្តេច ព្រះមហាសុមេធាធិ បតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាព្រះសង្ឃមួយអង្គតំណាងឱ្យខេត្តកំពង់ឆ្នាំង បានផ្តួចផ្តើមបង្កើតពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៨ និងសម្តែងព្រះធម្មទេសនា ជាធម្មទាន រយៈពេល១៧ថ្ងៃ ប្រមូលបានថវិកាជាច្រើនប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ សម្រាប់ឧបត្ថម្ភគាំទ្រដល់សេវាពិនិត្យព្យាបាលថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ សម្រាប់កុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរជាច្រើនឆ្នាំមកហើយ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដិការប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីគឺជាឆ្នាំទី៨ហើយ ដែលបានរៃអង្គាសថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសជួយដល់មន្ទីរពេទ្យកុមារអង្គរ ព្រោះដោយមើលឃើញថាមន្ទីរពេទ្យនេះ បានជួយដល់កុមាររាប់សែននាក់ជារៀងរាល់ឆ្នាំ ដោយមិនគិតប្រាក់នោះឡើយ ហើយការជួយនេះគឺជាការបង្ហាញពីកាយវិការដ៏ល្អប្រពៃណាស់របស់សប្បុរសជន ដើម្បីជួយជាចំណែកតូចមួយជួយដល់កុមារកម្ពុជា។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានទទួចអំពាវនាវដល់ពុទ្ធបរិស័ទ និងសប្បុរជនក្នុងនិងក្រៅប្រទេស បន្តចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរនេះបន្ថែមទៀត ដោយសារមន្ទីពេទ្យមួយនេះ បង្កើតឡើងដើម្បីតែជួយដល់កុមារកម្ពុជា ដោយមិនមានការរើសអើងនោះឡើយ ដោយបច្ចុប្បន្ននេះមន្ទីរពេទ្យក៏កំពុងតែត្រូវការជំនួយជាខ្លាំង
ដោយសារតែកំពុងតែជួយប្រទះនូវជំងឺកូវីដ ដែលត្រូវការសម្ភារជាច្រើនបន្ថែមទៀតផងដែរ។

សូមជម្រាបថា មន្ទីរពេទ្យកុមារអង្គរ បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៨ ដើម្បីស្វែងរកថវិកាទ្រទ្រង់ដំណើរការមន្ទីរពេទ្យ។ ពិធីបុណ្យនេះធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែសីហា ដោយប្រមូលបានថវិកាសរុប ១១៤ ៤២៦ដុល្លារអាមេរិក។

សប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកា ដើម្បីទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យកុមារអង្គរ អាចបរិច្ចាគតាមគណនេយ្យធានាគាររបស់មន្ទីរពេទ្យកុមារអង្គរដូចខាងក្រោម៖

1. ធនាគារ វីង ខេមបូឌា (Wing)៖ 9122 (ប្រាក់រៀល) & 8122 (ប្រាក់ដុល្លារ)
2.ធនាគារ អេប៊ីអេ (ABA): 000 853 843
3.ធនាគារ អេស៊ីលីដា (ACLEDA): 0100 0105 6968 28
4.ធនាគារ ស្ថាបនា (Sathapana): 078 0808 2834 1001 02
5.ឬក៏ចូលបច្ច័យផ្ទាល់នៅទីកន្លែងប្រារព្ធពិធីបុណ្យ (មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប) និងសប្បុរសជននៅក្រៅប្រទេសអាចបរិច្ចាគតាម Link Website៖ https://virtualbonpka.raisely.com/