(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ចេញប្រតិកម្ម និងមានចំណាប់អារម្មណ៍ ចំពោះបទយកការណ៍របស់វិទ្យុបារាំងអន្ដរជាតិ RFI ពាក់ព័ន្ធដំណើរទៅក្រៅប្រទេសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានបង្ហាញនូវការយល់ឃើញយ៉ាងដូច្នេះថា៖

«ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទយកការណ៍របស់ RFI ជាពិសេសការវិភាគនីមួយៗ។ ខ្ញុំចាត់ទុកថា វាជាមេរៀនបន្ថែមសម្រាប់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយ ដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់ខ្ញុំ ដូចដែលពុក តែងតែអប់រំណែនាំ ជាពិសេសគំនិតដែលឲ្យរូបខ្ញុំ បានយល់ច្បាស់ថា អ្វីដែលត្រូវការសម្រាប់ការធ្វើនយោបាយក្នុងក្របខ័ណ្ឌ «នយោបាយ ដែលមានលក្ខណៈសមស្រប ទៅនឹងបរិបទ real politik (ដែលកត្តាខាងក្នុងជាកត្តាកំណត់ ក្រោមការជះឥទ្ធិពលពីកត្តាខាងក្រៅ) របស់កម្ពុជា ក្នុងនាមជាអ្នកនយោបាយ មកពីគណបក្សដឹកនាំប្រទេសជាតិ»

១៖ ខ្ញុំឈ្មោះ ហ៊ុន ម៉ានី ជាពលរដ្ឋខ្មែរដែលជឿជាក់ ជ្រើសរើស និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូចប្រជាពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតលើសលប់គាំទ្រ CPP គ្រប់ការបោះឆ្នោត។ សំឡេងរបស់ខ្ញុំជាសំឡេងពលរដ្ឋខ្មែរមួយរូប។

២៖ ខ្ញុំជាអ្នកនយោបាយក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជា ដែលមានបេសកកម្មបម្រើប្រទេស និងប្រជាជនកម្ពុជា។ បេសកកម្ម ក្នុងការរំដោះជាតិ ស្វែងរកសន្តិភាព បង្រួបបង្រួមជាតិក្រោមរដ្ឋធម្មនុញ្ញតែមួយ អភិវឌ្ឍប្រទេសជាតិគ្រប់ដំណាក់កាលដោយចេញពីបាតដៃទទេ និងការនៅជាមួយប្រជាជនគ្រប់គ្រា និងគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាលំបាកមិនថា គ្រោះមហន្តរាយទឹកជំនន់ ឬក្នុងដំណាក់កាលកូវីដ១៩ គណបក្សប្រជាជននៅជាមួយប្រជាជន និងរួមដោះស្រាយបញ្ហា និងផ្តល់ការផ្គត់ផ្គង់ជូនប្រជាជន។

CPP បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជន ទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើនហើយ ហើយទោះមិនបានល្អឥតខ្ចោះ ប៉ុន្តែ CPP ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាកន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់»។

សូមជម្រាបថា លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងថា ការចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា របស់ក្រុមប្រឆាំងក្រៅច្បាប់ គឺមិនអាចទៅរួចទេ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់បែបនេះ បន្ទាប់ពីលោក សម រង្ស៉ី និងបក្ខពួក កាលពីពេលថ្មីៗនេះ បានបំភ្លៃព័ត៌មានថា ពួកគេបានជួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ខណៈដែលសម្តេចទៅពិនិត្យសុខភាព នៅប្រទេសបារាំង៕