(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពី «ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» តាមប្រព័ន្ធវីដេអូហ្ស៊ូម។

កិច្ចប្រជុំនេះមានការអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពី «ការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» តាមប្រព័ន្ធវីដេអូហ្ស៊ូម មានការចូលរួមពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ស្ថាប័នតុលាការ ស្ថាប័នវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិសរុប១១០អង្គភាព។

សិក្ខាសាលានេះ មានគោលបំណងផ្តល់ឱកាសជូនដល់គ្រប់ភាគីពាក់ព័ន្ធបានពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានតាក់តែង និងរៀបចំឡើងពីការសិក្សាស្រាវជ្រាវលើ អត្ថបទច្បាប់ជាតិ-អន្តរជាតិ ឯកសារពាក់ព័ន្ធនឹងការអនុវត្តរបស់កម្ពុជា ការចុះទៅសិក្សាផ្ទាល់នៅអង្គភាពថ្នាក់ក្រោមជាតិ និងស្ថាប័នតុលាការ ព្រមទាំងការសិក្សាពីបទពិសោធន៍បណ្តាលប្រទេសដទៃ ក៏ដូចជាធាតុចូលដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំង៤ លើកកន្លងមក។

សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនេះ ក៏មានការចូលរួមសហការ និងគាំទ្រផងដែរ ពីសហភាពអឺរ៉ុប នៅកម្ពុជា EU និងអង្គការ OXFAM នៅកម្ពុជា៕