(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានស្ដីបន្ទោសប្រធានមន្ទីររ៉ែ និងថាមពលខេត្តលោក ផេង វុធ បន្ទាប់ពីលោកមិនបានមកចូលរួមកិច្ចប្រជុំសំខាន់មួយពាក់ព័ន្ធទៅការកាយយកអាចម៌ដី និងការគ្រប់គ្រងដី នៅអាងទឹកបឹងតាកែវ ដែលពាក់ព័ន្ធទៅនឹងមន្ទីររ៉ែ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តតាកែវ។

កិច្ចប្រជុំរឿងអាងទឹកបឹងតាកែវនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយកាលពីពេលថ្មីៗកន្លងទៅនេះ បានចេញលិខឹតមួយដោយស្នើឱ្យអាជ្ញាធខេត្តតាកែវ ចាត់វិធានការជាបន្ទាន់ពាក់ព័ន្ធនឹងការកាយយកអាចម៌ដី និងគ្រប់គ្រងដីមានភាពមិនប្រក្រតី។

លោកអភិបាលខេត្តតាកែវ បានថ្លែងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំនេះសំខាន់ខ្លាំងណាស់ហេតុអ្វីបានជាប្រធាន និងអនុប្រធានរ៉ែ និងថាមពល មិនមកចូលរួមប្រជុំបែរជាឱ្យមន្រ្តីធម្មតាមកចូលរួមជំនួសវិញ?»

លោកអភិបាលខេត្ត បានបន្តថា «រាល់កិច្ចប្រជុំនៅថ្នាក់ខេត្តដែលអភិបាលខេត្តចូលរួម ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវតែចូលរួមដើម្បីដោះស្រាយបញ្ហា ហើយបើមានការរវល់ចាំបាច់ក៏ត្រូវចាត់អនុប្រធាន ឱ្យមកចូលរួមមិនមែនឱ្យមន្រ្តីធម្មតា មកចូលរួមប្រជុំជំនួសខ្លួនបែបនេះទេ»

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធពាក្យប្ដឹងអនាមិក ករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ក្រោយពីបានទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមកក្រុមការងារ ACU បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្តឹងបានលើកឡើងអាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ក្រៅពីសមត្ថកិច្ចរបស់ ACU ដូចជា៖

* ការរជីកយកអាចម៌ដីពីផ្ទៃបាតបឹង។
* ការចាក់ដីលុបផ្ទៃអាងទឹក។
* ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក។
* ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹក ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។ ផ្អែកតាមលទ្ធផលខាងលើនេះ ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីខាងលើ ដើម្បីធានាដល់និរន្តភាពនៃការប្រើប្រាស់អាងទឹកតាកែវនេះ។ អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណីនេះ និងមានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវដ្តជាក់ស្តែង។

ពាក់ព័ន្ធនឹងលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវនេះ កាលពីពេលថ្មីៗនេះ ក៏មានគណីហ្វេសប៊ុកមួយបានរាយការណ៍ចូលផេកសម្ដេចតេជោ ហ៊ុន សែន ដោយបានចោទថាហាងផឹកស៊ីរបស់លោក ផេង វុធ មានឈ្មោះថា «រាជសម្បត្តិ» ស្ថិតនៅក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ នៅតែបន្តបើកលួចផឹកស៊ីច្រៀងរាំរៀងរាល់ថ្ងៃ ដោយបំពានវិធានការសុខាភិបាល និងសារាចរណ៍ណែនាំរបស់រដ្ឋបាលខេត្តតាកែវផងដែរ៕