(កំពត)៖ តំណាងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) រួមជាមួយលោក ប៉ោ វី អភិបាលរងនៃគណៈអភិបាលស្រុកបន្ទាយមាស ខេត្ដកំពត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងជូនសហគមន៍ដំណាក់កាលទី២ ដែលមាន ទទឹង៦ម៉ែត្រ និងបណ្ដោយ ៩៦៥ម៉ែត្រ ដើម្បីជួយសម្រួលការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់ផ្លូវនេះ។

ការសាងសង់ផ្លូវបេតុងលើកនេះ គ្រោងនឹងចំណាយទឹកប្រាក់អស់ ១៤៥,០០០ដុល្លារ (ដប់បួនម៉ឺនប្រាំពាន់ដុល្លារ) ដែលជាថវិកាទាំងស្រុងរបស់ក្រុមហ៊ុន។
ការសាងសង់ផ្លូវបេតុងដំណាក់កាលទី១ ដែលចាប់ផ្ដើមឡើងនៅខែកក្កដា មានទទឹង ៦ម៉ែត្រ និងបណ្ដោយ ៧០០ម៉ែត្រ នឹងបានចំណាយទឹកប្រាក់អស់ ១៣០,០០០ដុល្លារ ដែលជាថវិកាទាំងស្រុងរបស់ក្រុមហ៊ុនដូចគ្នា ហើយដែលបានរួចរាល់ជាស្ថាពរ។

ផ្លូវបេតុងដែលនឹងត្រូវសាងសង់ មានទីតាំងនៅ ភូមិព្រៃតាព្រឹត ឃុំសេ្តចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នឹងមានសភាពរឹងមាំ និងផ្ទៃរាបល្អជាងមុន ដែលនឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋបានច្រើន ជាពិសេសនៅរដូវវស្សា ដែលស្របតាមគោលនយោបាយរបស់ក្រុមហ៊ុន ដែលតែងតែមានការគិតគូរខ្ពស់ពីសហគមន៍។

លោក ម៉ម ភិរម្យ ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងរដ្ឋាភិបាលរបស់ក្រុមហ៊ុន បាននិយាយថា «ទោះបីជាមានឧបសគ្គបន្តិចបន្ទួចក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ ក៏ដោយ ក៏ក្រុមហ៊ុនមិនដែលទៅណាឆ្ងាយពីការងារអភិវឌ្ឍន៍សហគមន៍ដែរ។ វាជាផ្នែកមួយក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍យើង ក្នុងការអាស្រ័យផលលើផ្លូវមួយខ្សែនេះ។ ក្រុមហ៊ុន នឹងខិតខំបន្តការងារមួយនេះតទៅមុខទៀត ដើម្បីសហគមន៍យើង»

លោក ជុំ សារឿន នាយករដ្ឋបាលសាលាស្រុកបន្ទាយមាស បានចំណាប់អារម្មណ៍ថា «ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ខ្ញុំមានការគាំទ្រ និងអបអរសាទរដល់ក្រុមហ៊ុន សម្រាប់ការឧបត្ថម្ដជាផ្លូវមួយខ្សែនេះ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើការប្រើប្រាស់ និងធ្វើដំណើរដោយមិនមានការលំបាកដូចពេលមុន»។ លោកបន្ដថា នេះគឺជាអ្វីដែលថ្នាក់ដឹកនាំលោកចង់បាន៕