(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះត្រួតពិនិត្យ និងការអនុវត្តពិន័យ អន្តរការណ៍ ចំពោះអំពើល្មើស ទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

សេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម សហគ្រាសមានកាតព្វកិច្ច កាន់បញ្ជីគណនេយ្យ, រៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដាគណនេយ្យជាធរមាន, ដាក់របាយការណ៍ហិរញ្ញវត្ថុ ឲ្យរងសវនកម្មឯករាជ្យ និងកាតព្វកិច្ចពាក់ព័ន្ធផ្សេងទៀត តាមលក្ខខណ្ឌកំណត់ដោយច្បាប់។

កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញៈវត្ថុ បានពន្យារពេលអនុវត្តអនុក្រឹត្យ លេខ៧៩អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម សម្រាប់រយៈពេល១ឆ្នាំ តាមរយៈសារាចរណែនាំលេខ០០៧ សហវ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ហើយការពន្យាពេលនេះ នឹងផុតកំណត់នៅត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។

ក្រោយថ្ងៃផុតកំណត់ ដូចបានជម្រាបជូនខាងលើ និយ័តកគណនេយ្យ និងសវនកម្ម នឹងចាប់ផ្តើមចុះត្រួតពិនិត្យ ការអនុវត្តកាតព្វកិច្ច គណនេយ្យ និងសវនកម្ម និងផាកពិន័យ ក្នុងករណីនិយ័តករគណនេយ្យ និងសវនកម្ម រកឃើញថា សហគ្រាសបានប្រព្រឹត្តល្មើស ទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធ ជាធរមាន។

និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសវាហិរញ្ញវត្ថុមិនមែនធនាគារ ជឿជាក់យ៉ាងមុតមាំថា ម្ចាស់សហគ្រាសទាំងអស់ បានត្រៀមខ្លួនរួចរាល់ និងបានចូលរួមអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មដែលកំណត់ ដោយច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន៕