(ភ្នំពេញ)៖ លោក រ៉ូ ហ្យុនជន (Rho Hyunjun) នាយកតំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានលើកឡើងថា គម្រោងបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដែលនឹងត្រូវលេចជារូបរាង នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺមានគោលបំណងសំខាន់ៗ ចំនួន៤។

លោកនាយកលើកឡើងបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសម្រាប់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជាស្តីពីគម្រោងបង្កើតការបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ហើយអគារថ្មីនេះ គឺជាគម្រោងមួយផងដែរ ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េ (តំណាងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឬ KOICA) សម្រាប់ ការបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជាដោយ មានថវិកាសរុបជិត ៨ លានដុល្លារអាមេរិក។

លោក រ៉ូ ហ្យុនជន បានគូសបញ្ជាក់ថា គោលបំណងនៃគម្រោងនេះរួមមាន៖

១៖ បង្កើតគំរូបណ្តុះអាជីវកម្មនិងបណ្តាញទីផ្សារនៅកម្ពុជា
២៖ គាំទ្រដល់មូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ សហគ្រិនភាពវ័យក្មេងនៅកម្ពុជា
៣៖ ធ្វើពិពិធកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្ម នៃបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង នៅកម្ពុជា
៤៖ ដើម្បីភ្ជាប់ និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេស ផងដែរ។

បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានរៀបចំឡើងសមស្របទៅតាមពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌលខាងលើនេះ គឺជាធាតុផ្សំដ៏សំខាន់ក្នុងការគាំទ្រដល់ ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៉ី សម្រាប់ធុរកិច្ចថ្មីនៅកម្ពុជា។

យោងតាមប្រសាសន៍របស់ បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មានទំហំប្រហែល ២២០០ ម៉ែត្រការ៉េ ដែលមានកម្ពស់ ៣ ជាន់ ដោយមានបន្ទប់ប្រជុំ ការិយាល័យ ការិយាល័យការងាររួម និងបន្ទប់រៀនជាដើម។

លោកបញ្ជាក់ថា ចំណុចទាំងនេះនឹងបង្កើតនូវបរិយាកាសល្អសម្រាប់ សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវ ដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់សង្គមជាតិប្រទេសកម្ពុជាយើង៕