(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ បានដាក់ផែនការដល់ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នាយការិយាល័យជំនាញ អធិការនគរបាលតាមខណ្ឌ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញា និងទីតាំងដែលលួចលាក់កែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដើម្បីចុះបង្ក្រាប។

បទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ Zoom ប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង ជំនួយការ លោកនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការររងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើងទាក់ទងទៅនឹងការគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រឿងញៀន ហើយលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំការិយាល័យគ្រប់គ្រងជនបរទេស នៃផែនការងារអន្តោប្រវេសន៍ ក៏បានចូលរួមមតិស្តីពីការគ្រប់គ្រងជនបរទេសដែលស្នាក់នៅរាជធានីភ្នំពេញផងដែរ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ ដែលបានធានាការពារសន្តិសុខ សណ្តាប់ ជាពិសេសលះបង់ពេលវេលាដើម្បីការពារទីតាំងព្យាបាល ទីតាំងធ្វើចត្តាឡីស័ក ជាពិសេសបម្រើសេវាសាធារណៈបានល្អប្រសើរជូនប្រជាពលរដ្ឋ។

លោកស្នងការ ក៏បានសង្កត់ធ្ងន់ដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើងបន្ថែមលើសនេះទៀត។

មួយវិញទៀត ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំ និងក្រឿនរំលឹកដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវអនុវត្តក្នុងការជួយសម្រួលចរាចរណ៍ឱ្យបានល្អ ទាំងការសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំជូនគណៈប្រតិភូជាតិ អន្តរជាតិ និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការកកស្ទះ៕