(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៧៖៥២នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F14) មូលហេតុបណ្ដាលមកពីក្រុមការងារ របស់ក្រុមហ៊ុន GD FUDA Construction Service Co.,LTD ប្រើប្រាស់ម៉ាស៊ីនសង្កត់ដែក ធ្វើលូរបូតដែកសង្កត់លើខ្សែ បណ្ដាលតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅ៖ (១) ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ (២) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (៣) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕