(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្រេចតែងតាំងលោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ជាឧត្តមទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ នេះបើយោងតាមការជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខៈ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគមទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន ដើម្បីទ្រទ្រង់សមាគមឲ្យមានសកម្មភាព។

ពាណិជ្ជករល្បីៗក្នុងវិស័យលំនៅឋាន និងអចលនទ្រព្យដ៏ទៃទៀត ដែលចូលរួមក្នុងការដឹកនាំសមាគមរួមមាន៖ អ្នកឧកញ៉ា ហុង ពីវ, អ្នកឧកញ៉ា សៀ ឬទ្ធី, ឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, ឧកញ៉ា លីហុង, ឧកញ៉ា ប៊ុន ហៃ, ឧកញ៉ា ជាម ឃុនណាត, ឧកញ៉ា តាំង គួង, ឧកញ៉ា ចាប ហុងលី, ឧកញ៉ា លី សេងឃាង, ឧកញ៉ា តេង ហឿង, លោកជំទាវ ខា ឡេង ជាដើម។

ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី ហួរ រហូតមកដល់បច្ចុប្បន្ននេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានការទទួលស្គាល់ ពីគ្រប់មជ្ឈមដ្ឋានទាំងអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគលើវិស័យអភិវឌ្ឍន៍លំនៅឋាន និងបានទាក់ទាញក្រុមហ៊ុនថ្មីៗជាច្រើន ឲ្យចូលជាសមាជិកជាបន្តបន្ទាប់។

ការចូលរួមជាសមាជិក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាន់តែច្រើន ជាកម្លាំងចលករក្នុងការទ្រទ្រង់សមាគមឲ្យកាន់តែរីកចម្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ទាំងវិស័យសំណង់លំនៅឋានដើម្បីលើកគុណតម្លៃរស់នៅរបស់ប្រជាជន និងរួមចំណែកដល់សេដ្ឋកិច្ចសង្គមផងដែរ៕