(ភ្នំពេញ)៖ ប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ដែលអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងតូក្យូ និងទីក្រុងគីតាគ្យូស្ស៊ូ នៃប្រទេសជប៉ុន បានវិលត្រលប់មកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។

លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសជប៉ុននោះ លោក និងក្រុមការងារទទួលបាននូវលទ្ធផលជាផ្លែផ្ការួមមាន៖

១-ការបង្កើតក្រុមការងារ​ រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូ ដើម្បីរៀបចំឯកសារឈានទៅចុះហត្ថលេខា លើអនុស្សារណៈចងសម្ព័ន្ឋមេត្រីភាព រវាងទីក្រុងទាំងពីរ។

២-រថយន្តក្រុង ចំនួន១៨០គ្រឿង ដែលជាជំនួយរបស់ជប៉ុន និងត្រូវបានអនុម័តយល់ព្រម ជាផ្លូវការឆាប់ៗខាងមុខនេះ ដែលនឹងត្រូវប្រើប្រាស់ក្នុងខ្សែរត់បន្ថែមទៀត ទៅតាមប្លង់គោលដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ។

៣-ការគ្រប់គ្រងសំរាម ដែលមានលក្ខណៈល្អប្រសើរ ដោយអាចកែច្នៃបានជាជី និងអ្វីៗផ្សេងទៀតដែលមានប្រយោជន៏ ជាពិសេសទឹកស្អុយ ដែលអាចកែច្នៃបានយ៉ាងស្អាតជាអតិបរមា ល្អស្ទើរតែ ១០០% មុននិងបញ្ចេញចូលក្នុងស្ទឹង ទន្លេ ឬសមុទ្រ ហើយយើងនឹងយកគំរូនេះ មកអនុវត្តន៏នៅកម្ពុជាយើងឆាប់ៗនេះ ។

៤-ការចងសម្ព័ន្ឋភាពទីក្រុងរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស្ស៊ូ ជាមោទនភាពមួយរបស់រាជធានីភ្នំពេញ ដែលជាទីក្រុងជាដំបូងគេបង្អស់របស់ប្រទេសជប៉ុន ដែលបានភ្ជាប់សម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូសាលារាជធានីភ្នំពេញ ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនជាផ្លូវ តាមការអញ្ជើញរបស់អភិបាលក្រុងតូក្យូ និងក្រុងគីតាក្យូស្ស៊ូ ដើម្បីជួបពិភាក្សា ការងារប្តូរបទពិសោធន៍គ្នាលើការងារ គ្រប់គ្រងសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ បញ្ហាដឹកជញ្ជូន៕