(ភ្នំពេញ)៖ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើទស្សនកិច្ចនៅប្រទេសថៃ រយៈពេល២ថ្ងៃ (ថ្ងៃទី២៨-២៩) ខែមីនា ឆ្នាំ២០១៦ ក្នុងគោលបំណងស្វែងយល់ពីលំហូរទំនិញរបស់ថៃនាំចូលមកកម្ពុជា និងទំនិញឆ្លងកាត់តាមប្រទេសថៃមកកម្ពុជា ដោយប្រើប្រាស់កំពង់ផែមួយចំនួននៃប្រទេសថៃ ក៏ដូចជាការដឹកតាមផ្លូវគោកមកកម្ពុជាដែរ ។

ក្នុងដំណើរទស្សនកិច្ចនេះ គណប្រតិភូបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគយថៃប្រចាំកំពង់ផែឡាំចាបាង កំពង់ផែខ្លងយ៉ៃ និងផែ S.Kittawan ដែលជាកំពង់ផែសំខាន់សម្រាប់ចរាចរទំនិញឆ្លងកាត់មកប្រទេសកម្ពុជា។ នៅតាមកំពង់ផែនីមួយៗ គណប្រតិភូគយកម្ពុជា ត្រូវបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសំណាក់មន្ត្រីគយថៃ ស្តីពីទិដ្ឋភាពទូទៅនៃការងារគយ ព្រមទាំងនីតិវិធីគយពាក់ព័ន្ធនឹងទំនិញនាំចេញ នាំចូល និងឆ្លងកាត់តាមកំពង់ផែនោះ។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណ និងបានលើកឡើងអំពីសារៈសំខាន់ នៃការពង្រឹងការគ្រប់គ្រងទំនិញនាំចេញនាំចូល ហើយថា ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មមួយយ៉ាងសំខាន់របស់កម្ពុជា។ ទន្ទឹមនឹងទំនិញរបស់ថៃនាំចូលមកកម្ពុជា ក៏មានទំនិញមួយចំនួននាំចូល មកកម្ពុជាពីប្រទេសទី៣ ដោយដឹកឆ្លងកាត់ប្រទេសថៃដែរ។ ភ្ជាប់នឹងរបបគយឆ្លងកាត់នេះ លោកអគ្គនាយកបានស្នើឲ្យគយថៃជួយសម្រួលដល់ ទំនិញកម្ពុជានាំចេញទៅប្រទេសទី៣ ដោយប្រើប្រាស់កំពង់ផែឡឺមចាបាង (ដឹកឆ្លងកាត់) និងជួយពង្រឹងការគ្រប់គ្រងទំនិញនាំចូលមកកម្ពុជា ដឹកឆ្លងកាត់កំពង់ផែឡឺមចាបាងនេះដែរ។

ជាក់ស្ដែងចំពោះទំនិញនាំចូលមកកម្ពុជា លោកបានស្នើកុំឲ្យមានការកាត់សៀល និងរើទំនិញចេញពីកុងតេន័រនៅក្នុងទឹកដីថៃ។ ធ្វើដូចនេះដើម្បី រក្សាយថាប្រភេទ និងបរិមាណទំនិញ និងចំនួនកុងទេន័រ ដែលត្រូវប្រកាសដើម្បីបង់ពន្ធអាករនាំចូលឲ្យបានត្រឹមត្រូវ ។ លោកអគ្គនាយកបានចាត់តាំង លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាចំណុចទំនាក់ទំនងដើម្បីបន្តធ្វើការងារនេះជាមួយគយថៃ។

គួរបញ្ជាក់ថា តាមស្មារតីនៃកិច្ចប្រជុំទ្វេភាគីនៃរដ្ឋបាលគយទាំងពីរកាលពីខែកុម្ភៈឆ្នាំ២០១៦ នៅទីក្រុងហួហ៊ីន ប្រទេសថៃ, សេចក្តីព្រាង “អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តការទ្វេភាគី និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ” ត្រូវបានរៀបចំឡើង ហើយគ្រោងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនេះដែរ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនថៃឈ្មោះ SCG Trading Co.,Ltd គណៈប្រតិភូគយកម្ពុជា ក៏បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន SCG និងមជ្ឈមណ្ឌលចែកចាយគ្រឿងបន្លាស់គោយន្ត ត្រាក់ទ័រ ម៉ាស៊ីនច្រូត របស់ក្រុមហ៊ុន Siam Kubota Corporation ដែលមានសាខានៅកម្ពុជាផងដែរ។

នៅទីនោះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅ ស្តីពីប្រវត្តិរចនាសម្ព័ន្ធ បេសកកម្ម និងទស្សនវិស័យរួមនៃក្រុមហ៊ុន SCG និងក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធ ដែលបច្ចុប្បន្នមាន៨ក្រុមហ៊ុនកំពុងមានកិច្ចប្រតិបត្តការនៅកម្ពុជា។ លោកប្រធានគណៈប្រតិភូគយកម្ពុជា សំដែងនូវការគាំទ្រដល់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់នេះ ហើយបានណែនាំឲ្យភាគីក្រុមហ៊ុនបន្តកិច្ចសហការជិតស្និទ្ធ ជាមួយរដ្ឋបាលគយកម្ពុជាតាមរយៈយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលមានអនុក្រុមការងារចំនួនបីសម្រាប់ដោះស្រាយបញ្ហាតាមវិស័យ៕