(កំពង់ចាម)៖ ភរិយាលោកអភិបាលខេត្តកំពង់ចាម លោកស្រី ញ្ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ជួបសំណេះសំណាលសួរសុខទុក្ខម៉ែដោះ និងក្មេងៗកុមារកំព្រា។

នាឱកាសនោះ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏បាននាំយកអំណាយគ្រឿងបរិភោគប្រគល់ជូនដល់មណ្ឌលកុមារកំព្រាក្នុងក្រុងកំពង់ចាមផងដែរ ក្នុងនោះមានដូចជាអង្ករ ២០០គីឡូក្រាម ទឹកស៉ីអ៉ីវ ៥យួរ ទឹកត្រី ៥យួរ ម៉ាស់មួយកេសធំ ២,៥០០ម៉ាស់ ជែល ១កេសតូច មី ២០កេសតូច ឃីត ៤កញ្ចប់ និងថវិកាជូនម៉ែដោះ និងកុមារកំព្រាសរុបចំនួន ១,២៣០,០០០រៀល។

លោកស្រី ញូង ចរិយា អ៊ុនចាន់ដា បានផ្តាំផ្ញើដល់ម៉ែដោះ និងកុមារកំព្រាទាំងអស់ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឱ្យបានជាប្រចាំ និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣-ការពារ ៣-កុំ» ដើម្បីជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍៕