(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលថ្មីខណ្ឌឬស្សីកែវ បានបញ្ជាក់ប្រាប់នៅចំពោះមុខអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតថា លោកមិនមែនជាអភិបាលខណ្ឌនោះទេ ហើយក៏មិនមែនជាចៅហ្វាយនាយដែរ ប៉ុន្តែលោកគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។

លោក ឯក ឃុនដឿន បានបញ្ជាក់ប្រាប់ទៀតថា ក្នុងនាមអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់, លោកស្នើរសូមឱ្យអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណារួមគ្នារៀបចំផែនការអភិវឌ្ឍមូលដ្ឋានមានដូចជា «ស្ដារលូ ដាក់លូ បំពាក់ភ្លើង និងធ្វើផ្លូវ» ដែលជាអទិភាព ជាតម្រូវការចាំបាច់ និងជាសំណូមពរ ហើយនិងត្រូវធ្វើឱ្យបានមុនការបោះឆ្នោត ជូនប្រជាពលរដ្ឋ ឱ្យចំគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលថ្មីខណ្ឌឬស្សីកែវ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងពេលដែលមានការអមដំណើរពីលោក ស៊ូ សោគន្ធ, លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងប្រធាន អនុប្រធានការិយាល័យជុំនាញ ជាមួយមន្ត្រីមួយចំនួនទៀត ដើម្បីចុះត្រួតពិនិត្យអាគាររដ្ឋបាលសង្កាត់ និងធ្វើការសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងឆ្លៀតឧបត្ថម្ភ ក្រមា, អាកុល, ម៉ាស និងឧបករណ៍វាស់កំដៅផងដែរ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់ប៉ុស្ដិ៍នគរបាល និងរដ្ឋបាលសង្កាត់ទួលសង្កែទី១ និងរដ្ឋបាលសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន ក្រៅពីសកម្មភាពសមធម៌ចែករំលែកនេះ, លោកក៏បានជុំរុញបន្ថែមឱ្យអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណារួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ដោយធានា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕