(ព្រះវិហារ)៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន ជាមួយនឹងការដកហូតវត្ថុតាងគ្រឿងញៀនជិត ៩០០គ្រាប់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិកំពង់សាម៉ី ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សសាលាដំបូងខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃនេះថា ដោយមានការណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះបង្ក្រាបករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់មួយករណី នៅជាប់ព្រំដែនឡាវ ដោយធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨៦៤គ្រាប់។

បច្ចុប្បន្នស្ត្រីជាជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន ត្រូវបានបញ្ជូនមកកាន់ការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមច្បាប់៕