(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ បានចេញសេចក្តីសម្រេចបិទបញ្ចប់វិធានការដ្ឋបាល ដែលផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១តទៅ។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបិទបញ្ចប់វិធានការដ្ឋបាល ដែលផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១តទៅ»

រដ្ឋបាលខេត្ត បានបញ្ជាក់ថា រាល់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មរមណីយដ្ឋានសួនកម្សាន្ត រោងសម្តែងសិល្បៈសារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា អាចដំណើរការឡើងវិញបានដោយតម្រូវឱ្យគោរពតាមវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានឱ្យដឹងថា សកម្មភាពអាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅ តាមសណ្ឋាគារអាចដំណើរការជាធម្មតាឡើងវិញ បានដោយត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬដែលសម្រាប់លាងដៃនៅមុខច្រកចេញចូលធ្វើការវាស់កម្តៅភ្ញៀវទាំងអស់មុននឹងអនុញ្ញាតឱ្យចូលភោជនីយដ្ឋាន ឬអាហារដ្ឋានជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រ នៅកន្លែងអង្គុយ ពីតុមួយទៅតុមួយ៕