(ពោធិ៍សាត់)៖ កម្លាំងជំនាញរបស់អធិការដ្ឋានស្រុកភ្នំក្រវាញ បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះធ្វើឡើងនាវេលាម៉ោង ១១៖៤០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមលោកវរសេនីយ៍ទោ ហែម មុនី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងប្រតិបត្តិការនោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ព្រាប ធឿត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រងិល ឃុំ ព្រងិល ស្រុកភ្នំក្រវាញ (ជាម្ចាស់ផ្ទះ)។

លោកស្នងការរងបន្តថា កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព័ណ៌សថ្លា ចំនួន០៦កញ្ចប់ ទម្ងន់១២.៧៥ក្រាម (ថ្លឹងទាំងសំបកថង់), ជញ្ជីង ថ្លឹងថ្នាំញៀន ចំនួន០១, ទុយោសម្រាប់ជក់ថ្នាំញៀន ចំនួន០៧ដើម, កូនថង់សម្រាប់ច្រករំលែកថ្នាំមួយចំនួន, ទូរស័ព្ទដៃ ចំនួន០១គ្រឿង, ដែកកេះ ចំនួន០៣ដើម និងឧបករណ៍ឆក់ត្រី ចំនួន០១គ្រឿងជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានផ្នែកជំនាញកំពុងកសាងសំណុំរឿង ចាត់ចែងតាមនិតិវិធីច្បាប់៕