(ភ្នំពេញ)៖​ អតីត​មន្ត្រី​យោធា​ជើង​អាកាស ​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជា​ឈ្មួញ​ឈើ​ប្រណីតម្នាក់​​ នៅរសៀល​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៦​ ត្រូវបាន​អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ កោ​ វណ្ឌី​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​១៨ខែ​ តែ​អនុវត្ត​ទោស​ត្រឹម​៤ខែ​ប៉ុណ្ណោះ​ ​ពី​បទមិន​​​​បំពេញ​កាត​​ព្វកិច្ច​​ចំពោះ​ឧបករណ៍ អាចជួញដូរបាន​ឬចេញ​សែក ​គ្មាន​សាច់​ប្រាក់​ចំនួន​៥ម៉ឺន​ដុល្លារ​អាមេរិក​ តាម​រូបភាព​ជំនួញ​ឈើ​ប្រណីត​។ ​ក្នុង​សាល​ក្រម​នេះ​ តុលាការ​សម្រេច​ឲ្យ​ជនជាប់ចោទ ​សងប្រាក់​ដើម​បណ្ដឹង​ចំនួន​៥ម៉ឺន​ដុល្លារ​អាមេរិក​។

អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ កោ​ វណ្ឌី​ បាន​ថ្លែង​ក្នុង​សវនាការ​ ថា​ ជនជាប់ចោទឈ្មោះ​ ឆេង សុគន្ធា ​ជាប់ចោទពីបទ៖ មិន​​​​បំពេញ​កាត​ព្វកិច្ច​​ចំពោះ​ឧបករណ៍ ដែលអាចជួញដូរបានតាមបញ្ញាតិមាត្រា ២៣១ នៃច្បាប់ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និងប្រតិបត្តិការទូទាត់​ប្រាក់​។ ចំណែកភាគីដើម​បណ្តឹង​នៅក្នុងរឿងក្តីនេះ មានឈ្មោះ លី ធីរិទ្ធិ ភេទប្រុស មានមុខរបរជា​ពាណិជ្ជករ និងមាន​មេធាវីតំណាង ដោយអាណត្តិ លោក សំ សុគង់។

លោកចៅក្រម បានបញ្ជាក់ថា​ ជនជាប់ចោទឈ្មោះ ឆេង សុគន្ធា ត្រូវបានវចាប់ខ្លួន តាមដីកាសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៦។ នៅក្នុងរឿងក្តីនេះ ភាគីដើមបណ្តឹង ប្តឹងសុំឲ្យតុលាការសម្រេចផ្តន្ទាទោស ជនល្មើសតាមច្បាប់ និងទាមទារ​ប្រាក់​ដើម ចំនួន៥ម៉ឺនដុល្លារអាមេរិក និងថ្លៃជម្ងឺចិត្ត ចំនួន១ម៉ឺន​ដុល្លារ​អាមេរិក​៕​