(ភ្នំពេញ)៖ អ្នកលួចកត់ និងអ្នកលួចចាក់ឆ្នោតចំនួន៥នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធឆ្នោតវៀតណាមល្មើសច្បាប់មួយចំនួនទៀត ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ត្រូវបានលបឆ្មក់បង្ក្រាបឃាត់ខ្លួន និងបិទចោលបណ្ដោះអាសន្នដោយកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

ក្រោយបទបញ្ជារបស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌថ្មី និងដើម្បីអនុវត្តការងារមានប្រសិទ្ធភាពចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព កម្លាំងសមត្ថកិច្ចខណ្ឌ, កម្លាំងគណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និងនគរបាលប៉ុស្តិ៍ បានបើកប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមល្មើសច្បាប់នេះប្រកបដោយជោគជ័យ។

លោក ទៀវ សំអឿន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលរងខណ្ឌ បានសម្រេចឱ្យបញ្ជូនអ្នកលួចកត់ និងអ្នកលួចចាក់ឆ្នោតទាំង៥នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធ បន្តទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនិតិវិធី៕