(ភ្នំពេញ)៖ គណៈគ្រប់គ្រងធនាគារ ជីប ម៉ុង នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់ថវិកាចំនួន ១០០លានរៀល ជូនដល់មូលនិធិគន្ធបុប្ផា ខណ:ថវិកាទាំងនេះគឺបានពីការបរិច្ចាគរបស់សប្បុរសជនជាច្រើនពាន់នាក់ តាមរយៈកម្មវិធីធនាគារតាមទូរស័ព្ទដៃ Chip Mong Bank App។

កម្មវិធីប្រគល់ថវិកានេះប្រារព្ធឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមានការចូលរួមពីលោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង និងវត្តមានកិត្តិយសពីសំណាក់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ចន ប៊ែល បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមចំណែកក្នុងកិច្ចការមនុស្សធម៌នេះ។ លោកក៏បានសម្តែងនូវក្តីសោមនស្សរីករាយ និងមោទកភាព ដែលធនាគារ ជីប ម៉ុង បានរួមចំណែកក្នុងការប្រមែប្រមូលថវិកាពីសប្បុរសជន ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់មន្ទីរពទ្យគន្ធបុប្ផាឱ្យមាននិរន្តរភាព ក៏ដូចជាបន្តបេសសកម្មក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជាបន្តទៅមុខទៀត។

លោក រស់ សីលវ៉ា ក៏បានស្ងើចសសើរដល់ធនាគារ ជីប ម៉ុង ដែលផ្តល់ការគាំទ្រ និងផ្តួចផ្តើមយុទ្ធនាការនានា ក៏ដូចជាតែងតែបរិច្ចាគថវិកាផ្ទាល់ជូនមូលនិធិគន្ធបុប្ផាមិនដែលដាច់ផងដែរ។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ក៏ដូចជា ជីប ម៉ុង គ្រុប ទាំងមូល តែងតែធ្វើគម្រោងសម្រាប់ជួយដល់សង្គមជាច្រើន ដោយគ្រាន់តែគិតក្នុងខែសីហានេះ ធនាគារ ជីប ម៉ុង បានផ្តល់បង់អង្គុយចំនួន ១២០ ដល់ខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប ហើយក្នុងថ្ងៃនេះផងដែរ ភាគទុនិករបស់ធនាគារ ជីប ម៉ុង ទើបតែបានបរិច្ចាគថវិកា ២០ ម៉ឺនដុល្លារអាមេរិក និងឱសថបុរាណចិន LIANHUA QINGWEN ១ម៉ឺនប្រអប់ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បន្ថែមទៀត៕