(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងយ៉ាងទទូចដល់ប្រជាពលរដ្ឋ សូមកុំព្រងើយកន្ដើយ ផ្ដេកផ្ដួលទៅលើលទ្ធផល ដែលកម្ពុជាយើងកំពុងតែគ្រប់គ្រងស្ថានការណ៍បាន ដោយមិនឱ្យមានការផ្ទុះរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ ឱ្យសោះ ព្រោះបច្ចុប្បន្ននេះប្រទេសជិតខាងយើង មិនទាន់មានសភាពធូរស្បើយនៅឡើយទេ កំពុងតែផ្ទុះរាតត្បាតខ្លាំង។

លោកស្រី យក់ សម្បត្ដិ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២លានដូស នៅអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិ នាព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១នេះថា «ដោយសារកម្ពុជាយើង មានគ្រប់គ្រងពិតប្រាកដច្បាស់លាស់ មានគោលនយោបាយ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងត្រឹមត្រូវគ្រប់ផ្នែកទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅក្នុងសហគមន៍ យើងអាចគ្រប់គ្រងឱ្យមានស្ថេរភាព មិនឱ្យមានករណីផ្ទុះរាតត្បាតទ្រង់ទ្រាយធំ»

លោកស្រីបន្តថា សូមប្រជាពលរដ្ឋ ត្រូវតែបន្ដអនុវត្ដ និងគោរពវិធានសុខភាព ឱ្យបានខ្ជាប់ខ្ជួន ជាពិសេស ៣ការពារ និង៣កុំ ដោយកុំសប្បាយភ្លេចខ្លួន ឱ្យជំងឺកូវីដ១៩នេះ ត្រលប់មកផ្ទុះរាតត្បាតខ្លាំងឡើងវិញ។

លោកស្រីសង្កត់ធ្ងន់ថា «យើងធ្លាប់ឃើញហើយនូវបទពិសោធន៍ នៃបណ្ដាប្រទេសមួយចំនួននៅលើសកលលោក ដោយមើលឃើញពីការថមថយនៃការឆ្លងរាលត្បាលនៃជំងឺកូវីដ១៩ ក៏ព្រងើយកន្ដើយ ហើយក៏បានបណ្ដាលជំងឺដ៏កាចសាហាវនេះ ផ្ទុះឡើងវិញយ៉ាងកំហុគ ហើយគ្រប់គ្រងស្ថានការណ៍មិនបាន»

ជាមួយគ្នានោះ លោកស្រី យក់ សម្បត្ដិ បានទទូចបន្ថែមដល់ពលរដ្ឋកម្ពុជាទូទាំងប្រទេស មិនត្រូវភ្លេចខ្លួនទេ ត្រូវតែចូលរួមឱ្យសស្រាក់សស្រាំ មានពាក់ម៉ាស រក្សាគម្លាត លាងដៃឱ្យស្អាតជានិច្ចជាដើម។ លើសពីនោះ ដោយសារបច្ចុប្បន្ននេះ អាជីវកម្មផ្សេងៗបើកដំណើរធម្មតាឡើងវិញ ក៏សូមអំពាវនាវដល់វិស័យឯកជន សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ដោយត្រូវតាមដាន និងធ្វើតេស្ដរហ័សឱ្យបានញឹកញាប់ ដល់បុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីចៀសផុតសពីការហានិភ័យឆ្លងទ្រង់ទ្រាយធំ៕