(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានកម្រិតជាគោលការណ៍ ឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចលទ្ធកម្មវ៉ាក់សាំងកូវីដ១៩ រៀបចំទិញវ៉ាក់សាំង៥លានដូសទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលនឹងត្រូវដឹកជញ្ជូនមកកម្ពុជានៅខែកញ្ញា។

ការថ្លែងដូច្នេះរបស់លោកស្រី យក់ សម្បត្ដិ ក្នុងឱកាសអញើញទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២លានដូស នៅអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិ នាព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «គិតមកត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នំា២០២១នេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២៧លានដូស ដែលរាប់បញ្ជូលទាំងវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បញ្ជាទិញពីក្រុមហ៊ុនចិនផង និងវ៉ាក់សាំងជំនួយពីប្រទេសជាមិត្ដផង។ លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានកម្រិតជាគោលការណ៍ឱ្យក្រសួងសុខាភិបាល គណៈកម្មការលទ្ធកម្មវ៉ាក់សាំង រៀបចំទិញ៥លានដូសទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលនឹងត្រូវដឹកជញ្ជូនមកកម្ពុជានៅខែកញ្ញា»

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនៅកម្ពុជាថា ចំពោះមុខនេះ ការចាក់ដូសទី៣ ឬដូសជំរុញ បានបន្ដចាក់ជូនក្រុមជួរមុខ ដូចជាក្រុមមន្ដ្រីសុខាភិបាល អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដែលធ្វើការផ្ទាល់ជាមួយកន្លែងប្រឈម ជាពិសេសនៅតាមព្រំដែន ទីក្រុង និងទីប្រជុំជន។ ដូច្នេះទៅថ្ងៃអនាគត ជាគោលនយោបាយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគិតគូរដ៏ម៉ត់ចត់ ក្នុងការផ្ដល់ដូសជំរុញនេះ ចាក់ជូនប្រជាពលរដ្ឋទាំងអស់ ប្រមាណ១២លាននាក់។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវីធីសាស្ត្រដ៏ចម្បងមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ៕