(ភ្នំពេញ)៖ សមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា និងក្រុមហ៊ុន Gold Coast International Development Co.,Ltd បានឧបត្ថម្ភអំណោយជាម៉ាស ចំនួន ៤៥០,០០០បន្ទះ ស្មើនឹងទឹកប្រាក់ ១០,០០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្ដមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោក Chen An អគ្គលេខាធិការ សមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា និងលោក Chen Jian Shen អនុប្រធាន ក្រុមហ៊ុន Gold Coast International Development Co.,Ltd ដែលបានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ ម៉ាស ជូនកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនតាមសហគមន៍ អំពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

ជាមួយគ្នានោះដែរ លោក Chen An អគ្គលេខាធិការសមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតសមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា បានចូលរួមចំណែកការងារមនុស្សធម៌ ជាពិសេសការងារទប់ការរីករាលដាលជាមួយកាកបាទក្រហមកម្ពុជា ក៏ដូចជាចូលរួមជាមួយរាជដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា៕