(បាត់ដំបង)៖ ប្រជាពលរដ្ឋក្នុងភូមិ បាននាំគ្នាប្រទះឃើញសាកសពបុរសវ័យជាង ៤០ឆ្នាំម្នាក់ ដែលត្រូវបានគេយកទៅកប់ដីក្នុងដីទំនេរមួយកន្លែង។ ហេតុការណ៍ ប្រទះឃើញសាកសពនេះ បានកើតឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ត្រង់ដីឡូតិ៍ទុកចោលមួយកន្លែងឋិតនៅក្នុងក្រុមទី ២ ភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានបញ្ជាក់ប្រាប់ថា សាកសពជនរងគ្រោះមានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស ឣាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃភ្ងាស់ ឃុំដូនបា មានជំងឺសរសៃប្រសាទជាប់នឹងខ្លួន។

ក្រោយការពិនិត្យ ធ្វើកោសល្យវិច្ឆ័យក្រុមនគរបាលជំនាញបានរកឃើញស្លាកស្នាមមួយចំនួន ដែលវាយដោយវត្ថុរឹងត្រូវផ្ទៃមុខខាងឆ្វេង និងក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ សាកសពមានសភាពហើម និងរលួយធុំក្លិន។

ប្រភពពីប្រជាពលរដ្ឋជាអ្នករកអុសដែលប្រទះឃើញបញ្ជាក់ថា ដំបូងគាត់បានឃើញដានអាចម៍ដី ដែលលុបជារណ្តៅជម្រៅប្រហែលកន្លះម៉ែត្រ ហើយដាក់ការសង្ស័យ រួចគាត់ក៏ឆ្កឹះកាយដីមើលក៏ធុំក្លិនស្អុយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ដល់សមត្ថកិច្ចតែម្តង។

ករណីឃាតកម្មខាងលើនេះ កម្លាំងផ្នែកជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកជនបង្កពិតប្រាកដយកមកផ្តន្ទាទោសតាមច្បាប់៕