(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីបសុព្យាបាលសត្វខេត្ត ចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី របស់ប្រជាពលរដ្ឋដែលកើតនូវជំងឺដុំពកនៅលើស្បែក ស្ថិតនៅភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

លោក អ៊ុក សំណាង បានថ្លែងថា ចំពោះការចាក់វ៉ាក់សាំងការពារនូវជំងឺផ្សេងៗដល់សត្វគោ ក្របី នៅក្នុងខេត្តព្រៃវែង បានប្រមាណជាង៦ម៉ឺនក្បាលមកហើយ។ ដោយឡែកបញ្ហាចំពោះមុខ ដែលកើតនូវជំងឺដុំពកស្បែកគោ ក្របីនេះ ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្ដល់នូវវ៉ាក់សាំង ដើម្បីឱ្យមកមន្ទីរធ្វើការចាក់ការពារដល់សត្វគោ ក្របី របស់ប្រជាពលរដ្ឋដែលកើតនូវជំងឺដុំពកលើស្បែកនេះផងដែរ។

ប្រធានមន្ទីរបានបន្តទៀតថា ចំនួនគោនៅក្នុងខេត្តព្រៃវែង មានប្រមាណជាង៣៦ម៉ឺនក្បាល ហើយគោដែលកើតជំងឺដុំពកលើស្បែកនេះមានជាង៣០០ក្បាល។

លោក អ៊ុក សំណាង បានបញ្ជាក់ថា ជំងឺដុំពកស្បែកគោក្របីសម្រាប់ខេត្តព្រៃវែង គឺទើបតែនឹងកើតមានឡើងរយៈពេលតែជាងមួយខែប៉ុណ្ណោះ ហើយជំងឺនេះមានការឆ្លងរហ័សពីសត្វគោមួយ ទៅសត្វគោមួយទៀត តាមរយៈសត្វរុយ និងសត្វតាបោម ខាំ និងទុំ ទៅលើគោដែលមានជំងឺហើយបានឆ្លងទៅសត្វគោផ្សេងទៀត។

ជាការកត់សម្គាល់ បច្ចុប្បន្ននេះសត្វគោ ក្របី កំពុងតែកើតជំងឺដុំពកនេះស្ទើគ្រប់កន្លែង ប៉ុន្តែគោលដៅខ្លះមានចំណាត់ការទាន់របស់មន្រ្តីជំនាញ ខណៈគោលដៅខ្លះមិនមានចំណាត់ពីមន្រ្តីនោះឡើយ៕