(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានប្រកាសឱ្យសប្បុរសជនចូលរួមបរិច្ចាគឈាមជាថ្មីម្ដងទៀត ខណៈមានតម្រូវការឈាមដើម្បីសង្រ្គោះជីវិតកុមារ។

តាមរយៈផេកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១ មន្ទីរពេទ្យកុមារអង្គរ ដែលគេស្គាល់ថា ជាមន្ទីរពេទ្យព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃនៅខេត្តសៀមរាប បានសរសេរយ៉ាងដូច្នេះថា៖‍ «មានកុមារជាច្រើនដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ត្រូវការឈាមជាចាំបាច់ ដូចជាកុមារដែលមានជំងឺគ្រាប់ឈាម ជំងឺវះកាត់ ជំងឺគ្រុនឈាម និងគ្រោះថ្នាក់បាត់បង់ឈាមជាដើម។ ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្លាយជារនាំងរារាំង ឬកាត់បន្ថយចំនួនសប្បុរសជន មកបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យកុមារអង្គរ កាន់តែតិចទៅៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកុមារអង្គរ ប្រឈមនឹងការខ្វះខាតឈាមគ្រប់ប្រភេទ (A, B, AB, O) ក្នុងការប្រើប្រាស់ដើម្បីព្យាបាលនិងជួយសង្រ្គោះជីវិតកុមារ»

បន្ថែមពីនេះ សម្រាប់សប្បុរសជនទាំងអស់ ដែលចង់ចូលរួមក្នុងការបរិច្ចាគឈាម ដែលអាចធ្វើបាននៅក្នុងមន្ទីរពេទ្យកុមារអង្គរ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ៤៖៣០នាទីល្ងាច និងថ្ងៃសៅរ៍ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១៖៣០នាទីព្រឹក ព្រមទាំងសូមធានានូវសុវត្ថិភាព និងភាពស្អាតគ្មានមេរោគ ក្នុងពេលបរិច្ចាគឈាម។ សម្រាប់អ្នកចាក់វាក់សាំងកូវីដ ១៩ អាចបរិច្ចាគឈាមបានបន្ទាប់ពីចាក់ដូសទី ២ ឬទី៣ រួចរាល់ រយៈពេល១ខែ៕