(ភ្នំពេញ)៖ ក្រោយមានភ្លៀងធ្លាក់ជោគជាំមួយមេធំ និងដើម្បីទប់ស្កាត់ការកកស្ទះប្រព័ន្ធលូបង្ហូររំដោះទឹកចេញ និងទប់ស្កាត់ការលិចលង់ផងនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចេញកាយសម្រាមដែលកកស្ទះតាមមាត់លូ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿន។

នេះបើតាមការបញ្ជា និងបញ្ជាក់របស់លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការខណ្ឌ ដែលបានទទួលការណែនាំពីលោកអភិបាលខណ្ឌ។

ក្នុងនោះលោក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ប្រជាការពារសង្កាត់ បានចុះពិនិត្យស្ថានភាពទឹកភ្លៀង ដែលកំពុងធ្លាក់ក្នុងកម្រិតបង្គួរ និងបានកាយសំរាមចេញពីមាត់លូ ធ្វើឱ្យទឹកភ្លៀងហូរចូលលូ និងមិនបង្កឱ្យមានការកកស្ទះលូឡើយ ស្ថិតនៅផ្លូវជាតិលេខ១ និងតាមផ្លូវ៣៦៩ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ជូនប្រជាពលរដ្ឋ»

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ និងសម្រួលដល់ចរន្តទឹកហូរកុំឱ្យជនលិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឱ្យគ្រប់សង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់៖ ទីតាំងទឹកលិច ក្នុងមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ (អ្នកប្រចាំការ និងល្បាតក្នុងមូលដ្ឋាន)៕